ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ប្រកាសបើកដំណើរការ ប្រព័ន្ធផ្កាយរណប BeiDou-3 ជាផ្លូវការ

(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រកាសបើកដំណើរការបណ្តាញផ្កាយរណប ប៉ីតូវ-៣ (BeiDou-3 Satellite Navigation System) ជាផ្លូវការ ដែលវាមានតួនាទីសម្រួលដល់ វិស័យគមនាគមន៍នៅលើភពផែនដី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន CGTN នារសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០។

លោក ស៊ី ជិនពីង និងថ្នាក់ដឹកនាំជាន់ខ្ពស់ចិនជាច្រើនរូបទៀត បានរួមពិធីសម្ពោធខាងលើនេះ នៅក្នុងមហាវិមានប្រជាជនជិន (Great Hall) ស្ថិតនៅក្នុងរដ្ឋធានីប៉េកាំង។ នៅក្នុងឱកាសនោះលោក ចាង យូសៀ (Zhang Youxia) អនុប្រធាន នៃគណៈកម្មការយោធោមជ្ឈិមចិន (CMC) បានលើកឡើងថា ផ្កាយរណប BeiDou-3 ត្រូវបានបាញ់បង្ហោះ ចេញពីមូលដ្ឋានមជ្ឈមណ្ឌលបាញ់បង្ហោះ ស៊ីឆាង (Xichang) នៃខេត្តស៊ីឈាន់ (Sichuan) ភាគនិរតីប្រទេសចិន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។

ផ្កាយរណប BeiDou-3 ខាងលើនេះ ត្រូវបានដឹកជញ្ជូនឡើងទៅទីអវកាស តាមរយៈគ្រាប់រ៉ុក្កែត Long March-3B ហើយវានឹងត្រូវចូលរួម ជាផ្កាយរណបទី ៣០ របស់ចង្កោមផ្កាយរណប BDS-3 និងជាសមាជិកទី ៥៥ នៃបណ្តាញផ្កាយរណប BeiDou ទាំងមូល។ ប្រព័ន្ធផ្កាយរណប BeiDou នឹងជួយដល់ការចង្អុរទិសដៅ សម្រាប់មធ្យោបាយដឹកជញ្ជូននៅលើផែនដី និងការធ្វើទំនាក់ទំនងសារខ្លីៗ ប្រកបដោយភាពច្បាស់លាស់ ហើយវានឹងធ្វើប្រព័ន្ធផ្កាយរណបចង្អុរផ្លូវរបស់ពិភពលោក ឈានទៅកាន់ចំណុចអភិវឌ្ឍថ្មីមួយកម្រិតទៀត៕






Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម