អភិបាលទីក្រុងសេអ៊ូល «បាត់បង់ជីវិតដោយការធ្វើអត្តឃាត» លើភ្នំមួយក្បែរផ្ទះលោក

(សេអ៊ូល)៖ នៅទីបំផុតប៉ូលិសទីក្រុងសេអ៊ូលបានបញ្ជាក់ហើយថា លោកអភិបាល ផាក វ៉ុនស៊ូន (Park Won-soon) ពិតជាបានទទួលមរណភាពមែន ក្រោយពីកូនស្រីរបស់លោកបានរាយការណ៍ពីការបាត់ខ្លួន និងផ្ទុះការសង្ស័យថា លោកបានទៅធ្វើអត្តឃាត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។

ប៉ូលិសមួយរូបបានរកឃើញសាកសពរបស់លោកអភិបាលក្រុងសេអ៊ូល Park Won-soon នៅលើភ្នំមួយឈ្មោះប៊ូកាក់ (Bukak) ដែលស្ថិតនៅក្បែរៗលំនៅឋានរបស់លោកតែម្តង នៅវេលាម៉ោង ១២៖០១នាទីរំលងអធ្រាត្រឈានចូលថ្ងៃសុក្រនេះ។ សមត្ថកិច្ចកូរ៉េខាងត្បូងបានសន្មត់ថា លោក Park Won-soon ទំនងជាបានធ្វើអត្តឃាត។ ប៉ុន្តែទោះជាយ៉ាងណា ការស៊ើបអង្កេតកំពុងបន្តធ្វើឡើង ដើម្បីស្វែងរកឬសគល់នៃរឿងនេះ។

លោក Park Won-soon អាយុ ៦៤ឆ្នាំ បានរងការចោទប្រកាន់ និងស៊ើបអង្កេត ពាក់ព័ន្ធនឹងទង្វើបៀតបៀនផ្លូវភេទ ទៅលើស្ត្រីម្នាក់ដែលជាអតីតមន្ត្រីក្រោមឱវាទរបស់លោក។ ស្ត្រីម្នាក់នោះបានបញ្ជូនពាក្យបណ្តឹងមួយទៅប៉ូលិស ដើម្បីរៀបរាប់អំពីទង្វើមិនគួរគប្បី និងសារប្លែកៗរបស់លោក Park Won-soon ទៅកាន់រូបនាង។

គួរបញ្ជាក់ថា កាលពីថ្ងៃល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ កូនស្រីរបស់លោក Park Won-soon បានទៅប្តឹងប៉ូលិស អំពីការបាត់ខ្លួនរបស់លោក Park ក្រោយពីឪពុកខ្លួនបានបាត់ចេញពីផ្ទះរយៈពេលពី ៤ ទៅ ៥ម៉ោង។ កូនស្រីរបស់លោក ផាក បានបញ្ជាក់ថា ឪពុកនាងបានចាកចេញពីផ្ទះ នៅវេលាម៉ោង ១០៖៤៤នាព្រឹក និងបាត់ដំណឹងឈឹងមិនត្រឡប់វិញឡើយ៕






Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម