ឆាប់ៗនេះលោក ត្រាំ នឹងចេញបទបញ្ជាប្រតិបត្តិមួយ​ឲ្យជនអន្តោប្រវេសន៍​ដែលមករស់នៅអាមេរិកតាំងពីក្មេង «មានសិទ្ធិចូលសញ្ជាតិ»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងនៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ថា លោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ស្តីអំពីជនអន្តោប្រវេសន៍នាពេលឆាប់ៗនេះ ដើម្បីបើកផ្លូវឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ ដែលបានមករស់នៅសហរដ្ឋអាមេរិកតាំងពីតូច អាចចូលសញ្ជាតិអាមរិកបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០។

តាមរយៈបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកមួយ នៅថ្ងៃសុក្រសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំនឹងដាក់ចេញនូវបទបញ្ជាប្រតិបត្តិដ៏ធំមួយ។ ក្នុងនាមជាប្រធានាធិបតី ខ្ញុំមានអំណាចធ្វើវា។ ខ្ញុំនឹងធ្វើឲ្យកម្មវិធីការពារជនអន្តោប្រវេសន៍ (DACA) ក្លាយជាផ្នែកមួយនៃបទបញ្ជាប្រតិបត្តិមួយនេះ»។

ទោះជាយ៉ាងណា ការកត់សម្គាល់របស់លោក ត្រាំ បានរងការរិះគន់ភ្លាមៗ ពីសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋគឺលោក ថេដ គ្រូស (Ted Cruz) ដែលបានហៅវាថា ជាកំហុសដ៏ធំមួយប្រសិនបើលោកប្រធានាធិបតី ត្រាំ ព្យាយាមពង្រីកការលើកលែងទោស ដោយខុសច្បាប់បែបនេះ។ លោក Cruz បានគូសបញ្ជាក់យ៉ាងដូច្នេះថា «មិនមានច្បាប់រដ្ឋធម្មនុញ្ញណា ដែលអនុញ្ញាតឲ្យប្រធានាធិបតី អាចបង្កើតផ្លូវឲ្យចូលសញ្ជាតិ ដោយបទបញ្ជាប្រតិបត្តិនោះទេ»។

គួរជម្រាបថា កម្មវិធីការពារកុមារអន្តោប្រវេសន៍ DACA ដែលមានឈ្មោះពេញ Deferred Action for Childhood Arrivals គឺជាកម្មវិធីមួយដែលបានបង្កើតឡើង​ដោយអតីតប្រធានាធិបតីលោក អូបាម៉ា។ កម្មវិធីនេះ វាបានផ្តល់ការពារដល់ «Dreamer» ជាជនអន្តោប្រវេសន៍ជិត ៨០០,០០០នាក់ ដែលត្រូវបានឪពុកម្តាយពួកគេ នាំឆ្លងដែនចូលមកកាន់ទឹកដីអាមេរិក​ដោយខុសច្បាប់តាំងពីតូច។ តាមពិតទៅ រដ្ឋាភិបាល ត្រាំ ក៏ធ្លាប់បានព្យាយាមលុបចោលកម្មវិធីនេះដែរ ប៉ុន្តែមិនបានសម្រេច​ព្រោះត្រូវបានតុលាការទាត់ចោល៕




Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម