អនុរដ្ឋលេខាធិកាក្រសួងព័ត៌មាន ស្នើដល់ ឌីជេ តាប៊ុយ និង Jimmy ធ្វើការសុំទោសជាសាធារណៈ ចំពោះពាក្យពេចន៍ប៉ះពាល់ ដល់ស្ថាប័នទូរទស្សន៍ជាតិកម្ពុជា

(ភ្នំពេញ)៖ បន្ទាប់ពីពិធីករ-ពិធីការិនី ក្នុងកម្មវិធី «ពេញចិត្តឬអត់» នៃស្ថានីយទូរទស្សន៍ MYTV លោក តាប៊ុយ និង កញ្ញា Jimmy បានប្រើប្រាស់ពាក្យសំដីមិនសមរម្យ ប៉ះពាល់ដល់ស្ថាប័នរដ្ឋ គឺ ស្ថានីយទូរទស្សន៍ជាតិ (ទទក) ធ្វើឲ្យមានការរិះគន់ ពីសំណាក់មហាជនរួចមក អនុរដ្ឋលេខាធិកា ក្រសួងព័ត៌មាន លោក សាម៉ន បណ្ឌិត្យ បានស្នើដល់លោក តាប៊ុយ និងកញ្ញា Jimmy ឲ្យធ្វើការសុំទោសជាសាធារណៈចំពោះពាក្យសម្ដី ដែលធ្វើឲ្យប៉ះពាលដល់កិត្តិយសស្ថាប័នជាតិមួយនេះ។

លោក សាម៉ន បណ្ឌិត្យ បានថ្លែងប្រាប់នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ថា «តាមការពិតទៅ វាពុំមានអ្វីឲ្យធ្ងន់ធ្ងរនោះទេ ប៉ុន្តែអ្វីដែលធ្វើឲ្យមានការបារម្ភពីមហាជននោះ គឺនៅត្រង់ថា គាត់ (តាប៊ុយ) ស្ថិតនៅក្នុងវិស័យឯកជន ហើយគាត់យកស្ថាប័នឯកជនមកប្រៀបធៀបជាមួយស្ថាប័នរដ្ឋ ដែលពិធីករខាងគាត់ មានចរិករឡិករឡក់... ត្រង់ហ្នឹងហើយដែលជាការមើលឃើញថា វាហាក់បីដូចជាមិនគួរយក ការប្រៀបធៀបភាសារបស់គាត់ ជាមួយនឹងពិធីករ-ពិធីការិនី របស់ទូរទស្សន៍ជាតិឡើយ»។

លោក សាម៉ន បណ្ឌិត្យ បានបន្ថែមទៀតថា ពិធីករ-ពិធីការិនី របស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ជាអ្នកមានក្រមសីលធម៌ល្អក្នុងការនិយាយ មានការអធិប្បាយត្រឹមត្រូវ សុភាពរាបសារ ទន់ភ្លន់ ស័ក្តិសមជាស្ថាប័នរបស់ជាតិ របស់រដ្ឋពិតប្រាកដ ក្នុងនោះសូម្បីតែពាក្យកំប្លុកកំប្លែង គឺស្ទើរតែគ្មានសោះតែម្តង ព្រោះស្ថាប័នជាតិ មិនអាចលេងសើចនៅលើកញ្ចក់ទូរទស្សន៍ ដែលផ្សាយជាសាធារណៈបែបនេះ ឡើយ។

ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិកា ក៏បានស្នើទៅដល់ តាប៊ុយ និងកញ្ញា Jimmy ឲ្យធ្វើការសុំទោសជាសាធារណៈ ក្នុងលក្ខណៈជាការ Live វីដេអូ ឬជាលិខិត លាយល័ក្ខ អក្សរណាមួយ ដើម្បីកុំឲ្យប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀត ចំពោះពាក្យសំដីរបស់ខ្លួន ទៅលើស្ថាប័នជាតិដ៏ធំមួយនេះ។








Comments

Popular posts from this blog

កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម