លោក ដូណាល់ ត្រាំ នឹងទទួលជ័យជម្នះ ដូច្នេះគ្មានការពន្យារពេលបោះឆ្នោតទេ, នេះបើតាមមន្ត្រីសេតវិមាន

(វ៉ាស៊ីនតោន)៖ នាយអគ្គសេនាធិការសេតវិមាន លោក ម៉ាក មាដូវស៍ (Mark Meadows) បាននិយាយថា ការបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងត្រូវធ្វើឡើងតាមការគ្រោងទុក នៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងស្ថិតនៅលើផ្លូវទៅកាន់ជ័យជម្នះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៣ឮ ខែសីហា ឆ្នាំ២០២០។

នៅក្នុងកម្មវិធី «Face the Nation» របស់ទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យ (ម៉ោងនៅវ៉ាស៊ីនតោន) លោក Mark Meadows បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី០៣ ខែវិច្ឆិកា ហើយលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងទទួលបានជ័យជម្នះ»។ លោក Meadows ធ្វើការអះអាងបែបនេះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានលើកឡើងពីគំនិតចង់ពន្យារពេលការបោះឆ្នោត។

«ការអនុញ្ញាតឲ្យបោះឆ្នោតពីចម្ងាយតាមប្រៃសណីយ៍ (Mail-In Vote) នឹងមានភាពក្លែងបន្លំ និងមិនច្បាស់លាស់ត្រឹមត្រូវនោះឡើយ។ ដូច្នេះហើយ គួរពន្យារពេលថ្ងៃបោះឆ្នោត រហូតទាល់តែប្រជាជនអាមេរិកអាចធ្វើការបោះឆ្នោត ដោយត្រឹមត្រូវ សុវត្ថិភាព និងមានសន្តិសុខត្រឹមត្រូវ, យ៉ាងម៉េចដែរ?»។ នេះជាការលើកឡើងរបស់លោក ត្រាំ នៅក្នុងសារមួយ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter កាលពីសប្ដាហ៍មុន។

តែទោះជាយ៉ាងនេះក្ដី ឆ្លើយតបទៅនឹងសំណួរថា តើការលើកឡើងបែបនេះរបស់លោក ត្រាំ ជារឿងគ្មានទំនួលខុសត្រូវ ឬក៏យ៉ាងណា? លោក Meadows មិនបានឆ្លើយត្រង់នោះទេ ដោយគ្រាន់តែនិយាយថា បើសិនជាមធ្យោបាយបោះឆ្នោតប្រៃសណីយ៍ (Mail-In Vote) ត្រូវបានប្រើប្រាស់ដោយអ្នកបោះឆ្នោត ១០០ភាគរយ នោះលទ្ធផលបោះឆ្នោតនឹងមិនមានឡើយ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។

ក្រៅពីនាយអគ្គសេនាធិការសេតវិមានរូបនេះ ប្រធានក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ គឺលោក ចេសុន មីល្លឺ (Jason Miller) ក៏បានបញ្ជាក់ឡើងវិញផងដែរថា ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅត្រូវប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិចិ្ឆកា ឆ្នាំ២០២០តាមការគ្រោងទុក ហើយថាលោក ត្រាំ ក៏ចង់ឱ្យការបោះឆ្នោត ត្រូវរៀបចំឡើងតាមការគ្រោងទុកនេះដែរ។

គួរជម្រាបថា ក្រោយទទួលរងការរិះគន់ពីសំណាក់ គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋខ្លួនឯង លោក ដូណាល់ ត្រាំ បានដកគំនិតចង់ពន្យារពេលបោះឆ្នោតទៅវិញ ដោយអះអាងថា លោកចង់ឱ្យការបោះឆ្នោត ដំណើរការទៅតាមការគ្រោងទុក។ ពាក់ព័ន្ធនឹងកាលបរិច្ឆេទបោះឆ្នោត ប្រធានាធិបតីអាមេរិក មិនមានសិទ្ធិលើកពេលនោះទេ ខណៈរដ្ឋធម្មនុញ្ញអាមេរិក បានផ្តល់អំណាចឲ្យសភា ដើម្បីជាអ្នកកំណត់ថ្ងៃបោះឆ្នោត៕


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម