អាល្លឺម៉ង់ អង់គ្លេស និងបារាំងចេញសេចក្តីថ្លែងការណ៍រួម «ច្រានចោលការបន្តដាក់ទណ្ឌកម្មអ៉ីរ៉ង់» ដែលបំផុសឡើងដោយអាមេរិក!

(ឡុងដ៍)៖ ចក្រភពអង់គ្លេស ប្រទេសបារាំង និងអាល្លឺម៉ង់បានចេញសេចក្តីថ្លែងការណ៍រួម នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ពួកគេមិនគាំទ្រសហរដ្ឋអាមេរិក ដើម្បីបន្តការដាក់ទណ្ឌកម្មលើ ប្រទេសអ៉ីរ៉ង់នោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២០។

ចក្រភពអង់គ្លេស ប្រទេសបារាំង និងសហព័ន្ធអាល្លឺម៉ង់បានបញ្ជាក់ថា ពួកគេប្តេជ្ញាការពារស្ថាប័នអន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះនៃពហុភាគីនិយម និងបន្តលើកកម្ពស់សិទ្ធិអំណាចរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ហើយក៏បានអំពាវនាវឲ្យសមាជិកទាំងអស់ ត្រូវចៀសវាងសកម្មភាពណាមួយ ដែលអាចបង្កឲ្យមានការបែកបាក់ស៊ីជម្រៅ នៅក្នុងក្រុមប្រឹក្សាសន្តិសុខនោះ។

ចក្រភពអង់គ្លេស ប្រទេសបារាំង និងអាល្លឺម៉ង់បានអះអាងរួមគ្នាទៀតថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ (JCPoA) នៅតែមានសុពលភាព ទោះបីជាសហរដ្ឋអាមេរិកដកខ្លួនចេញក៏ដោយ។ ប្រទេសមហាអំណាចទាំងបីនេះ ក៏បានសង្កត់ធ្ងន់ផងដែរថា យើងគួរតែដោះស្រាយបញ្ហាដែល អ៉ីរ៉ង់មិនគោរពកាតព្វកិច្ចរបស់ខ្លួន តាមរយៈការសន្ទនារវាងប្រទេសហត្ថលេខី និងការបង្កើតឲ្យមាន គណៈកម្មការចម្រុះជាដើម។ លើសពីនេះទៅទៀត ប្រទេសទាំងបីបានជំរុញឲ្យអ៉ីរ៉ង់ឈប់ដើរបញ្ច្រាសទិស និងវិលត្រឡប់មករកដំណោះស្រាយការទូតវិញ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ ត្រូវបានចុះហត្ថលេខាដោយអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិកកាលពីខែកក្កដា ឆ្នាំ២០១៥ កន្លងទៅ។ ប៉ុន្តែក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ អាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ កាលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មជាឯកតោភាគី លើទីក្រុងតេហេរ៉ង់ថែមទៀតទោះបីមានការជំទាស់ពីសហគមន៍អន្តរជាតិក៏ដោយ៕




Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម