ចិនបញ្ជាក់ច្បាស់ៗប្រាប់អឺរ៉ុប៖ «បញ្ហាហុងកុង និងស៊ីនជាំង គឺជារឿងផ្ទៃក្នុងចិនសុទ្ធសាធ ដូច្នេះគ្មានបរទេសណាមានសិទ្ធិលូកលាន់»

(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានចេញមុខការពារជំរុំឃុំឃាំង នៅក្នុងតំបន់ស្វយ័ត ស៊ីនជាំង (Xinjiang) រួមទាំងច្បាប់សន្តិសុខជាតិថ្មី លើទីក្រុងហុងកុង ដោយទាត់ចោលការព្រួយបារម្ភនានារបស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០។

នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងប៉ារីសប្រទេសបារាំង កាលពីថ្ងៃអាទិត្យ នាឱកាសបំពេញទស្សនកិច្ចមួយជុំនៅទ្វីបអឺរ៉ុប លោក វ៉ាង យី ក៏បានព្រមានផងដែរចំពោះការប៉ុនប៉ង លូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន លោកក៏មិនភ្លេចបញ្ជាក់ជាថ្មីឡើងវិញដែរថា អ្នកទាំងឡាយណា ដែលបានបញ្ជូនទៅកាន់ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងតំបន់ Xinjiang ត្រូវបានដោះលែងហើយ បើទោះជាក្រុមសិទ្ធិមនុស្ស និងសាច់ញាតិអះអាងពីការបន្តឃុំខ្លួន ជនជាតិដើមភាគតិចមូស្លីមអ៊ុយហ្គឺ (Uighur) រួមទាំងការដាច់ការទាក់ ទងជាមួយសមាជិកគ្រួសាររបស់ពួកគេទាំងនោះក៏ដោយ។

បើតាមរបាយការណ៍អង្គការសហប្រជាជាតិ រដ្ឋាភិបាលចិន បានឃុំឃាំងជនជាតិដើមភាគតិចមូស្លីម Uighur ប្រមាណ ១លាននាក់ នៅតាមមន្ទីរឃុំឃាំងជាច្រើនក្នុងតំបន់ស្វយ័ត Xinjiang និងចោទប្រកាន់អាជ្ញាធរចិនពីការរំលោភសិទ្ធិមនុស្ស។ ជាការឆ្លើយតប ទីក្រុងប៉េកាំងបានចេញមុខបដិសេធរបាយការណ៍នេះ ដោយបញ្ជាក់ថា អ្វីៗដែលចិនកំពុងធ្វើ គឺដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ និងក្រុមជ្រុលនិយមតែប៉ុណ្ណោះ។

ដោយឡែក នៅពេលត្រូវបានសាកសួរពីច្បាប់សន្តិសុខជាតិថ្មី លើទីក្រុងហុងកុង លោក វ៉ាង យី បានលើកឡើងដូច្នេះថា ចិនមិនអាចឈរឱបដៃមើល ឬបណ្តែតបណ្ដោយឱ្យភាពចលាចល បន្តកើតមានក្នុងទីក្រុងហុងកុងនោះឡើយ ដូច្នេះហើយទើបចិនសម្រេចចិត្ត ដាក់ច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង។ លោក វ៉ាង យី បានបន្ថែមទៀតថា បញ្ហា Xinjiang និងទីក្រុងហុងកុង សុទ្ធតែជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយបរទេសខាងក្រៅ មិនត្រូវលូកលាន់ជាដាច់ខាត៕


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម