បេក្ខជនប្រធានាធិបតីលោក បៃដិន ស្តីបន្ទោសលោក ត្រាំ ថាបាន «ដើរចេញឆ្ងាយពីបញ្ហា» ខណៈ COVID-19 កំពុងបំផ្លាញអាមេរិក!

(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា (ពេលវេលានៅអាមេរិក) បានស្តីបន្ទោសលោក ដូណាល់ ត្រាំ ចំពោះការដើរចេញឆ្ងាយពីបញ្ហាជាក់ស្តែង ខណៈជំងឺរាតត្បាតសកល COVID-19 បាននិងកំពុងបំផ្លាញសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០។

នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ រួមជាមួយបេក្ខជនអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris) លោក Biden បាននិយាយថា «ខ្ញុំមិនបន្ទោសលោក ត្រាំ នៅចំពោះមុខស្ថានភាពបច្ចុប្បន្ននោះទេ តែខ្ញុំបន្ទោសលោក ត្រាំ ចំពោះការដើរចេញពីឆ្ងាយបញ្ហា ដោយមិនបានស្វែងរកដំណោះស្រាយ»។ លោក Biden បានបន្ថែមទៀតថា ស្របពេលដែលសេដ្ឋកិច្ចអាមេរិក កំពុងដាំក្បាលចុះដោយសារការអនុវត្តវិធានការរឹតត្បឹត មធ្យោបាយមួយដែលអាចធ្វើឲ្យសេដ្ឋកិច្ច វិលរកសភាពប្រក្រតីវិញ នោះគឺការព្យាយាមគ្រប់គ្រង ការឆ្លងរាលដាលនៃជំងឺ COVID-19 នេះឲ្យបាន។

ទន្ទឹងគ្នានេះលោក Biden ក៏បានស្តីបន្ទោសក្រុមមនុស្សមួយចំនួន ដែលលើកឡើងពី «សេរីភាព» ខណៈដែលពួកមិនព្រមពាក់ម៉ាស បើទោះបីជាមានភស្តុតាងបង្ហាញថា ការពាក់ម៉ាសគឺជាមធ្យោបាយដ៏ល្អបំផុត សម្រាប់ទប់ស្កាត់ការឆ្លង និងរីករាលដាលជំងឺ COVID-19 ក៏ដោយ។ លើសពីនេះទៅទៀត លោក Biden បានប្តេជ្ញាថា ប្រសិនបើលោកទទួលជ័យជម្នះ ក្នុងការឆ្នោតនាខែវិច្ឆិកាខាងមុននេះ លោកនឹងធ្វើតាមដំបូន្មានអ្នកវិទ្យាសាស្ត្រ ដើម្បីដោះស្រាយវិបត្តិនេះ ទោះបីជាលោកត្រូវសម្រេច បិទប្រទេសទាំងស្រុងមួយរយៈក៏ដោយ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះសហរដ្ឋអាមេរិក បានកត់ត្រាករណីឆ្លង COVID-19 សរុបជិត ៥.៩លានករណី ក្នុងនោះមនុស្សច្រើនជាង ១៨ម៉ឺននាក់បានស្លាប់ និង ៣.២លាននាក់ជាសះស្បើយឡើងវិញ៕


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម