រុស្ស៊ីនឹងចាក់វ៉ាក់សាំង COVID-19 លើមនុស្ស៤០,០០០នាក់ នៅសប្តាហ៍ក្រោយ ដើម្បីជាតេស្តសាកល្បងទ្រង់ទ្រាយធំ!

(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីបានអះអាងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា មនុស្សចំនួន ៤០,០០០នាក់ នឹងទទួលការចាក់វ៉ាក់សាំង COVID-19 នៅសប្តាហ៍ក្រោយនេះ ដើម្បីជាការធ្វើតេស្តសាកល្បងទ្រង់ទ្រាយធំ អំពីប្រសិទ្ធភាព និងសុវត្ថិភាព នៃវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឈ និងចុះបញ្ជីទទួលស្គាល់ដោយរុស្ស៊ីខ្លួនឯង មុនគេបង្អស់នៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២០។

កាលពីដើមខែសីហានេះ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានប្រកាសថា រុស្ស៊ីគឺជាប្រទេសដំបូងគេលើពិភពលោក ដែលបានចុះបញ្ជីទទួលស្គាល់វ៉ាក់សាំង COVID-19 របស់ខ្លួនជាផ្លូវការ ហើយការប្រកាសបែបនេះ បាននាំឲ្យក្រុមជំនាញកំពូលៗនៃប្រទេសលោកខាងលិច ជាពិសេសមន្ត្រីជំនាញ អង្គការសុខភាពពិភពលោក (WHO) ព្រមាន ក៏ដូចជាណែនាំឲ្យរុស្ស៊ីពិនិត្យអំពី ប្រសិទ្ធភាព និងសុវត្ថិភាពជាមុនសិន។

មូលនិធិទ្រព្យសម្បត្តិរដ្ឋរបស់ប្រទេសរុស្ស៊ី ដែលជាអ្នកទ្រទ្រង់កម្មវិធីអភិវឌ្ឍវ៉ាក់សាំង COVID-19 ខាងលើ បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «ការធ្វើតេស្តលើប្រព័ន្ធភាពសុំា និងសុវត្ថិភាពនៃវ៉ាក់សាំង Sputnik V នឹងត្រូវចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ ដោយមានមនុស្សចូលរួម ៤០,០០០នាក់»។ ស្ថាប័នជាតិរុស្ស៊ីមួយនេះបានបន្តទៀតថា ការធ្វើតេស្តនេះ គឺដូចទៅនឹងការធ្វើតេស្ត តំណាក់កាលទី ៣ នៃការធ្វើតេស្តវ៉ាក់សាំងផ្សេងៗទៀតដែរ។

គួរបញ្ជាក់ថា បើតាមមន្ត្រីរដ្ឋាភិបាលរុស្ស៊ី ការធ្វើតេស្តវ៉ាក់សាំងនេះ គឺនឹងត្រូវធ្វើឡើងទៅលើបុគ្គលិកជួរមុខ ដែលត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ក្នុងនោះមានដូចជាមន្ត្រីសុខាភិបាល និងអ្នកស្ម័គ្រចិត្តនានាជាដើម។ រុស្ស៊ីក៏បានអះអាងទៀតថា ប្រទេសជាង ២០ហើយ បានទាក់ទងមកកាន់ខ្លួន ដើម្បីបញ្ជាទិញវ៉ាក់សាំងសរុបរាប់ពាន់លានដូស ហើយរុស្ស៊ីបានព្រមព្រៀងលក់ ទៅឲ្យប្រទេសមួយចំនួនរួចទៅហើយ ខណៈការផលិតទ្រង់ទ្រាយធំនឹងចាប់ផ្តើម នៅក្នុងខែតុលា និងបញ្ចូនទៅទីផ្សារបរទេសនៅអំឡុងខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០២០៕


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម