ប្រទេសមិចស៊ីកូដែលកំពុងរងគ្រោះធ្ងន់ដោយសារ COVID-19 «ប្រកាសទទួលវ៉ាក់សាំងពីរុស្ស៊ី» ដើម្បីធ្វើតេស្តសាកល្បង

(មិចស៊ីកូ)៖ រដ្ឋមន្ត្រីក្រសួងការបរទេសមិចស៊ីកូលោក ម៉ាសេឡូ អេប្រាដ (Marcelo Ebrard) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសអាមេរិកខាងជើងមួយនេះ នឹងបានទទួលវ៉ាក់សាំង COVID-19 យ៉ាងតិច ២,០០០ដូស (ដប) ពីប្រទេសរុស្សី ដើម្បីចូលរួមក្នុងការព្យាបាលសាកល្បង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២០។

លោក Ebrard និងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសមិចស៊ីកូ លោក វីកទ័រ ខូរ៉ូនែលលី (Viktor Koronelli) បានជួបគ្នានៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការចូលរួមរបស់ប្រទេសមិចស៊ីកូ ទៅក្នុងការធ្វើតេស្តវ៉ាក់សាំង Sputnik V ដែលអភិវឌ្ឍឡើងដោយ មជ្ឈមណ្ឌលជាតិផ្នែករោគរាតត្បាត និងមីក្រូជីវសាស្រ្តរបស់ប្រទេសរុស្ស៊ី។

លោក Ebrard បានអះអាងថា វ៉ាក់សាំងនឹងមកដល់ប្រទេសមិចស៊ីកូ ដើម្បីចាប់ផ្តើមធ្វើតេស្តសាកល្បង ហើយលោកនឹងប្រកាសកាលបរិច្ឆេទ ពិតប្រាកដនាពេលឆាប់ៗនេះ។ ទន្ទឹងគ្នានេះ ប្រទេសមិចស៊ីកូក៏បានយល់ព្រម ជួយផលិតវ៉ាក់សាំងដែល អភិវឌ្ឍដោយសាកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេស និងក្រុមហ៊ុនឱសថ អាស្តាហ្សេណេកា (AstraZeneca) សម្រាប់តំបន់អាមេរិកឡាទីនផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសមិចស៊ីកូ បានកត់ត្រាករណីឆ្លង COVID-19 សរុបចំនួន ៥៤៣,៨០៦ករណីក្នុងនោះ ៥៩,១០៦នាក់បានស្លាប់ និងមនុស្ស ៣៧១,៦៣៨នាក់បានជាសះស្បើយឡើងវិញ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម