ឥណ្ឌូណេស៊ី៖ «សន្តិភាព និងស្ថិរភាពសកលលោកនឹងត្រូវបំផ្លាញ ប្រសិនបើជម្លោះ និងការប្រជែងភូមិសាស្ត្រនយោបាយ កាន់តែរីកធំឡើង»

 (ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានព្រមានថា ស្ថេរភាព និងសន្តិភាពសកលអាចនឹងត្រូវបានបំផ្លាញ ប្រសិនបើជម្លោះ ឬការប្រជែងភូមិសាស្ត្រនយោបាយ នៅតែបន្តរីកកាន់តែធំឡើង ហើយសង្រ្គាមនឹងមិនផ្ដល់ផលចំណេញដល់នរណាម្នាក់ឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០។


លោក វីដូដូ បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាមួយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃពុធនេះតែម្តង ហើយបើទោះជាមិនបានបញ្ជាក់ចំៗឈ្មោះ ក៏គ្រប់គ្នាអាចដឹងថា លោកប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ ចង់និយាយសំដៅលើភាពតានតឹងបច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងមហាយក្សចិន។ នៅក្នុងសុន្ទរកថាដដែល លោក Joko Widdo បានគូសបញ្ជាក់ដូច្នេះថា «សង្រ្គាមមិនដែលផ្ដល់ផលចំណេញ ដល់នរណាម្នាក់ឡើយ។ គ្មានឡើយការអបអរជ័យជម្នះនៅក្នុងចំណោមការបំផ្លិចបំផ្លាញ ហើយក៏គ្មានដែរការក្លាយជាមហាអំណាចសេដ្ឋកិច្ច នៅពេលពិភពលោកដែលកំពុងលិចលង់»។

លោក វីដូដូ បានសង្កត់ធ្ងន់បន្ថែមទៀតថា ខណៈជំងឺ COVID-19 កំពុងរាតត្បាត វាគឺជាពេលដែលពិភពលោកត្រូវសាមគ្គីគ្នា។ តែផ្ទុយទៅវិញអ្វីដែលយើងកំពុងឃើញ នោះការបែកបាក់គ្នា និងការប្រជែងគ្នាកាន់តែខ្លាំង ហើយបើសិនជាការបែកបាក់ និងការប្រជែងទុកគ្នាជាសត្រូវនៅតែបន្តកើតមាន នោះសន្តិភាព និងស្ថេរភាពសកលនឹងត្រូវបានបំផ្លាញ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ចូកូ វីដូដូ កើតមានឡើងនៅក្នុងបរិបទដែលអាមេរិក និងចិន កំពុងមានភាពតានតឹងគ្នាលើបញ្ហាជាច្រើន ក្នុងនោះរួមមមានទាំងសមុទ្រចិនខាងត្បូង ជាទីដែលឥណ្ឌូណេស៊ី និងចិនកំពុងដំឡើងសសៃកដាក់គ្នា ក្នុងមួយរយៈពេលចុងក្រោយនេះ។ ជាក់ស្ដែងនៅក្នុងខែកញ្ញានេះ រដ្ឋាភិបាលទីក្រុងហ្សាការតា បានសម្ដែងការខឹងសម្បារយ៉ាងខ្លាំង ជុំវិញនាវាឆ្មាំសមុទ្រចិនមួយគ្រឿង ដែលបានចូលក្នុងដែនទឹកមួយនៃតំបន់សមុទ្រចិនខាងត្បូង ដែលឥណ្ឌូណេស៊ីអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម