យោធាលីបង់អះអាងថា ករណីផ្ទុះសារធាតុគីមីនៅបេរូត បំផ្លាញផ្ទះប្រជាជនសរុបជាង ៥,៦០០ខ្នង

(បេរូត)៖ យោធាលីបង់បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះថា ផ្ទះប្រជាជនសរុបជាង ៥,៦០០ខ្នងបានរងការខូចខាត ក្នុងករណីផ្ទុះសារធាតុគីមីដ៏កក្រើក នៅតំបន់កំពង់ផែទីក្រុងបេរូត កាលពីថ្ងៃទី០៤ ខែសីហា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០។

យោធាលីបង់បានបន្តថា ខ្លួនបានស្ទាបស្ទង់លើអគារជាច្រើនប្រភេទ បូករួមទាំងលំនៅឋានរបស់ប្រជាជន ដើម្បីវាយតម្លៃពីទំហំនៃការខូចខាត នៅក្នុងសង្កាត់ដែលបានរងគ្រោះធ្ងន់ធ្ងរ ក្រោយការផ្ទុះសារធាតុគីមីអាម៉ូញ៉ូមនីត្រាត ហើយក្រុមការងារនឹងបន្តធ្វើការ នៅតំបន់ដែលរងការខូចខាតនៅជិតៗនោះទៀត។ ដោយឡែកក្រសួងវប្បធម៌លីបង់វិញ បានរាយការណ៍កាលពីខែមុននេះថា យ៉ាងហោចណាស់អគារសរុបចំនួន ៨,០០០ខ្នងឯណោះបានរងការខូចខាត ដោយសារការផ្ទុះនៅបេរូត។

គួរបញ្ជាក់ថា ការផ្ទុះធំៗចំនួនពីរលើកបន្តបន្ទាប់គ្នា បានបំផ្លាញកំពង់ផែទីក្រុងបេរូតកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ និងបានឆក់យកជីវិតមនុស្សប្រមាណ ១៩០នាក់ ខណៈ ៦៥,០០នាក់ទៀតរងរបួស។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលលីបង់នៅតែមិនទាន់អាចបញ្ជាក់បានទេថា តើវាជាហេតុការណ៍កើតឡើងដោយការធ្វេសប្រហែស ឬក៏ជាគម្រោងការវាយប្រហារ ពីសំណាក់ក្រុមឧទ្ទាមណាមួយនោះ៕






Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម