មេពន្ធដារ៖ ពន្ធចំណេញមូលធន មិនមែនបង្កើតសម្រាប់សង្កត់.ក រាស្ត្រទេ !

 (ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា ពន្ធលើចំណេញមូលធន មិនមែនបង្កើតសម្រាប់សង្កត់.ក រាស្ត្រទេ តែផ្ទុយទៅវិញពន្ធនេះនឹងជួយពលរដ្ឋក្រីក្រ។


ការគូសបញ្ជាក់បែបនេះ របស់លោក គង់ វិបុល ធ្វើឡើងក្នុងកម្មវិធី «ពន្ធដារកម្ពុជា» ស្តីពី ពន្ធលើចំណេញមូលធន ដែលរៀបចំឡើង ដោយអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ។

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «ពន្ធនេះ ជាពន្ធចំណេញមូលធន មានន័យថា បើសិនជាប្រជាពលរដ្ឋ លក់បានចំណេញត្រូវបង់ បើសិនលក់ខាត អត់ត្រូវបង់ទេ ដូច្នេះពន្ធនេះ ដាក់មកមិនមែនសម្រាប់សង្កត់.ក រាស្ត្រទេ គឺដើម្បីយកពន្ធពីអ្នកចំណេញ យកទៅជួយរាស្ដ្រ ដែលប៉ះពាល់»។

លោក គង់ វិបុល បានបន្ថែមទៀតថា «បើសិនជាយើង មិនយកពីអ្នកចំណេញ វាបានពន្ធពីណាយក [...] រដ្ឋអត់យកពន្ធទេ ពីអ្នកដែលលក់ខាត ហើយប្រជាពលរដ្ឋទូទៅ បើសិនជាអត់មានការលក់ ក៏អត់ជាប់ពន្ធដែរ។ ពន្ធមូលធននេះ លក់ចំណេញចាំបង់ បើលក់មិនចំណេញអត់បង់ទេ»។

បើតាមអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ពន្ធលើចំណេញមូលធន ដែលមានអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្រក្រី ក៏ដូចជាសម្រាប់យកទៅអភិវឌ្ឍន៍ជនបទ ធ្វើផ្លូវ ធ្វើអណ្ដូងទឹក និងស្រះទឹកជាដើម។

ពាក់ព័ន្ធនឹងការលើកឡើងថា ពន្ធនេះ បង្កើតឡើងដើម្បីសង្កត់.ក រាស្ត្រ ត្រូវបានលោក គង់ វិបុល ប្រាប់ថាជាការលើកឡើងភ័ន្ដច្រឡំថាគ្រប់ប្រជាពលរដ្ឋ ដែលមានអចលនទ្រព្យត្រូវតែជាប់ពន្ធ ប៉ុន្ដែមិនដូច្នេះទេ លុះត្រាតែលក់ ហើយលក់ចំណេញទៀត បានជាប់ពន្ធនេះ។

បន្ថែមពីនេះទៀត លោក គង់ វិបុល បានគូសបញ្ជាក់ថា ពន្ធលើចំណេញមូលធនបើប្រៀបធៀប ជាមួយប្រទេសដទៃទៀត ប្រទេសកម្ពុជាមានភាពអនុគ្រោះពន្ធនេះខ្ពស់ជាងគេ។

លោក គង់ វិបុល បានឲ្យដឹងទៀតថា ពន្ធពីចំណេញមូលធននេះ រាជរដ្ឋាភិបាលយកមកជួយកម្មកររាប់សែននាក់ ដែលជួបការលំបាក និងប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងយកទៅថែទាំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

ជាមួយគ្នានោះ លោក គង់ វិបុល ក៏បានបញ្ជាក់ឲ្យដឹងផងដែរ ទៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងចាប់ផ្ដើមអនុវត្ដ លើពន្ធចំណេញមូលធននេះ លើកលែងតែមានការប្រែប្រួល តាមការសម្រេចណាមួយ របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បើតាមលោក វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា អ្នកដែលបង់ពន្ធនេះ ច្រើនជាងគេ៩០ភាគរយ គឺអ្នកដែលមានរបរអាជីវកម្ម ទៅលើខាងផ្នែកអចលនទ្រព្យ ប៉ុន្ដែចំពោះប្រជាជនទូទៅ មិនជាប់នោះទេ បើសិនជាមិនមានការលក់អចលនទ្រព្យ ហើយជាប់ពន្ធ លុះត្រាតែលក់ចំណេញ៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម