ចិនដឹកនាំប្រទេសជាង២០ អំពាវនាវឲ្យសហរដ្ឋអាមេរិក និងលោកខាងលិច «ដកទណ្ឌកម្មជាបន្ទាន់» ព្រោះពេលនេះកូវីដ-១៩កំពុងរាតត្បាត

 (ហ្សឺណែវ)៖ ប្រទេសចិនរួមជាមួយប្រទេសចំនួន ២៥ផ្សេងទៀតនៅថ្ងៃចន្ទសប្តាហ៍នេះ បានអំពាវនាវឲ្យមានការដកទណ្ឌកម្ម ជាបន្ទាន់ពីសំណាកសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច ដើម្បីធានាឲ្យមានការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០។


តំណាងឲ្យប្រទេសទាំង ២៦ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសិទ្ធិមនុស្សរបស់ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ឯកអគ្គរដ្ឋទូតចិនលោក ចាង ជុន (Zhang Jun) បានឲ្យដឹងថា វិធានការបង្ខំបែបឯកតោភាគី បានរំលោភបំពានលើធម្មនុញ្ញរបស់ UN និងប្រព័ន្ធពហុភាគីនិយម ព្រមទាំងរារាំងសិទ្ធិទទួលបានសុខភាពរបស់ប្រជាជន នៅតាមបណ្តាប្រទេសដែលរងផលប៉ះពាល់ ដោយទណ្ឌកម្មនេះផងដែរ។

តំណាងប្រទេសចិនខាងលើនេះបានសង្កត់ធ្ងន់ទៀតថា សាមគ្គីភាពជាសកល និងកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាអាវុធដ៏មានឥទ្ធិពលបំផុតក្នុងការប្រយុទ្ធប្រឆាំង និងយកឈ្នះលើជំងឺ COVID-19។ ក្នុងចំណោមបណ្តាប្រទេសដែលគាំទ្រ សេចក្តីថ្លែងការណ៍ខាងលើ មានប្រទេសជាងពាក់កណ្តាលកំពុងប្រឈម នឹងទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) រួមមានប្រទេសគុយបា កូរ៉េខាងជើង អ៉ីរ៉ង់ រុស្ស៊ី ស៊ីរី និងវេណេស៊ុយអេឡាជាដើម។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ខាងលើក៏បានកត់សម្គាល់ដែរថា អគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) និងប្រធានសិទ្ធិមនុស្សលោកស្រី មីឈែល បាសេឡេត (Michelle Bachelet) ក៏បានអំពាវនាវឲ្យមានលើកលែងការដាក់ទណ្ឌកម្ម ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពរបស់ប្រទេសទាំងនោះ ក្នុងការឆ្លើយតបទៅនឹងវីរុសដ៏កាចសាហាវនេះផងដែរ។ ជុំវិញបញ្ហាខាងលើនេះ គេនៅមិនឃើញមានការឆ្លើយតបភ្លាមៗ ពីសំណាក់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ UN នៅឡើយទេ។

នៅជុំវិញបញ្ហាខាងលើឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំ UN លោក គ្រីសស្តូប ហឹសជែន (Christoph Heusgen) នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីប្រទេសស៊ីរីកាលពីខែឧសភាកន្លងទៅ ធ្លាប់បានលើកឡើងយ៉ាងដូច្នេះថា ទណ្ឌក្មមរបស់សភាអឺរ៉ុបទៅលើប្រទេសស៊ីរី នឹងមិនប៉ះពាល់ដល់ការផ្តល់ជំនួយមនុស្សធម៌ ឬបរិក្ខាវេជ្ជសាស្ត្រ ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃជំងឺ COVID-19 នោះឡើយ ដោយលើកឡើងពីការណែនាំជាក់លាក់របស់ EU ដើម្បីធានាឲ្យប្រាកដថា ជំនួសមនុស្សធម៌ទាំងនោះនឹងទៅដល់ដៃប្រជាជនស៊ីរី៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម