លោក ប្រាយុទ្ធ ច័ន្ទអូឆា ប្រាប់សម្តេចតេជោ ហ៊ុន សែន ថា «ទំនាក់ទំនងកម្ពុជា-ថៃ ពេលនេះ កាន់តែរឹងមាំជាងពេលណាៗទាំងអស់»

 (ភ្នំពេញ)៖ ក្នុងសារលិខិតមួយផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ, លោកប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ ពេលនេះកាន់តែមានភាពរឹងមាំជាងពេលណាទាំងអស់។ 


ក្នុងសារលិខិតរបស់ខ្លួន លោកប្រាយុទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមានសេចក្ដីសោមនស្សរីករាយសូមគូសបញ្ជាក់ថា ទំនាក់ទំនងរវាងថៃ និងកម្ពុជា កាន់តែមានភាពរឹងមាំជាងពេលណាទាំងអស់ ជាមួយនឹងកិច្ច សហប្រតិបត្តិការដ៏ធំទូលាយ និងផលប្រយោជន៍រួមលើគ្រប់វិស័យ»។

លោកបន្តថា៖ «ជាប្រទេសជិតខាងជាមិត្ត តំបន់ព្រំដែនរបស់យើងកំពុងទទួលបាននូវស្ថិរភាព និងសន្តិភាព យូរអង្វែង ដោយមានពាណិជ្ជកម្មឆ្លងដែនរីកចម្រើនឥតឈប់ឈរ ដែលនាំមកនូវការងារបន្ថែម និង បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើងឱ្យកាន់តែប្រសើរឡើង»។

ប្រទេសកម្ពុជា-ថៃ បានចាប់ផ្តើមទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០ ហើយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅណេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនង ការទូតរបស់ប្រទេសទាំងពីរ។

បើតាមនាយករដ្ឋមន្រ្តីថៃ, ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ បានកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់ពីប្រមាណ ៣០០ លានដុល្លារអាម៉េរិក កាលពី២០ឆ្នាំមុន មកជាង ៩ប៊ីលានដុល្លារអាម៉េរិក នៅឆ្នាំ២០១៩។ ការវិនិយោគរបស់ថៃនៅ កម្ពុជា បានកើនឡើង ដោយបានរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ស្របពេលដែលសេដ្ឋកិច្ច ថែទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីកម្លាំងពលកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជាផងដែរ។

លោកអះអាងថា យើងក៏បានទទួលនូវវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការតភ្ជាប់របស់យើង ដែលស្តែងចេញតាមរយៈ ស្ពានមិត្តភាពថៃ-កម្ពុជា (បានណងអៀន-ស្ទឹងបត់) ដែលតភ្ជាប់ខេត្តស្រះកែវ និងខេត្តបន្ទាយមានជ័យ និងការស្តារឡើងវិញនូវសេវាកម្មផ្លូវដែក ដែលនឹងតភ្ជាប់សហគមន៍នៃប្រទេសថៃ និងកម្ពុជា ក្នុងពេលឆាប់ៗ ព្រមទាំងនិងរួមចំណែកដល់លំហូរពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព បន្ថែមទៀត។

លោកបានបញ្ជាក់ទៀតថា នៅក្នុងវិស័យអប់រំ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ គឺជាគំរូនៃភាពជោគជ័យសម្រាប់ស្ថាប័នវិជ្ជាជីវៈដទៃទៀត ហើយបានផ្តល់ឱកាសជាច្រើនដល់យុវជន កម្ពុជា ដើម្បីទទួលបានភាពជោគជ័យ។ ថ្មីៗនេះ យើងក៏បានធ្វើការរួមគ្នាក្នុងការកាត់បន្ថយផល ប៉ះពាល់ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ច និងសង្គមរបស់យើងផងដែរ ដែលបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងតំបន់ និងអន្តរជាតិនាពេលអនាគត។

លោក ប្រាយុទ្ធ ច័ន្ទអូឆា មានជំនឿយ៉ាងមុតមាំថា មិត្តភាពរវាងថៃ និងកម្ពុជា មានភាពរឹងមាំ និង ឋិតថេរ ហើយប្រជាជនរបស់យើង ជាពិសេសយុវជនជំនាន់ក្រោយរបស់យើងនឹងបន្តធ្វើការជាមួយ គ្នាឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់មួយ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍរួមគ្នា៕











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម