អាជ្ញាធរឥណ្ឌូណេស៉ីយកបានប្រអប់ខ្មៅមួយរបស់យន្តហោះអាកាសចរណ៍ Sriwijaya ដែលធ្លាក់ចូលសមុទ្រ

(ហ្សាការតា)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសឥណ្ឌូណេស៉ីនាថ្ងៃអង្គារនេះ បានរាយការណ៍ថា អាជ្ញាធរឥណ្ឌូណេស៉ីបានរកឃើញនិងស្រង់ចេញពីទឹកនូវ ប្រអប់ខ្មៅមួយក្នុងចំណោមពីរនៃយន្តហោះអាកាសចរណ៍ Sriwijaya ដែលធ្លាក់ចូលក្នុងសមុទ្រហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។

យោងតាមសេចក្តីរាយការណ៍របស់ស្ថានីយទូរទស្សន៍ឥណ្ឌូណេស៉ី KompasTV និង MetroTV ប្រអប់ខ្មៅដែលស្រង់បានពីសមុទ្រមួយនោះ កំពុងត្រូវដឹកជញ្ជូនទៅលើគោក គឺទៅកាន់កំពង់ផែទីក្រុងហ្សាការតា។ ជាទូទៅប្រអប់ខ្មៅរបស់យន្តហោះដឹកអ្នកដំណើរមានសរុបចំនួន២ ក្នុងនោះមួយមានតួនាទីជាឧបករណ៍ថតសំឡេង ដូចជាសំឡេងសន្ទនាក្នុងបន្ទប់អាកាសយានិកជាដើម និងមួយទៀតមានតួនាទីកត់ត្រាទិន្នន័យសំខាន់ៗរបស់យន្តហោះអំឡុងការហោះហើរ។ យ៉ាងណាមិញ ពុំមានការបញ្ជាក់ថា ប្រអប់ខ្មៅដែលស្រង់បានជាឧបករណ៍មួយណាឡើយ។

គួរបញ្ជាក់ថា យន្តហោះធុន Boeing 737-500 របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៉ី Sriwijaya ដែលផ្ទុកមនុស្សសរុប៦២នាក់ ក្នុងនោះ អ្នកដំណើរ៥០នាក់ និងក្រុមការងារយន្តហោះ១២នាក់ បានធ្លាក់ចូលក្នុងសមុទ្រជ្វា ក្រោយហោះចេញពីទីក្រុងហ្សាការតាបានប៉ុន្មាននាទីប៉ុណ្ណោះ អំឡុងជើងហោះហើរក្នុងស្រុកឆ្ពោះទៅកាន់ទីក្រុងឥណ្ឌូណេស៉ីមួយទៀត កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន៕











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម