អ្នកនាំពាក្យក្រសួងដែនដី៖ កម្មសិទ្ធិដី៧៧ប័ណ្ណ ដែលប្រធានមន្ទីរសុរិយោដីខេត្តស្ទឹងត្រែង ចេញរំលោភយកដីព្រៃស្រោងរបស់រដ្ឋ ត្រូវបានក្រសួងទុកជាមោឃភាព និងលប់ចេញពីទិន្នន័យបញ្ជីក្បាលដីរួចហើយ

(ភ្នំពេញ)៖ លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានថ្លែងប្រាប់នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ពាក់ព័ន្ធការចេញប័ណ្ណកម្មសិទ្ធិមានភាពមិនប្រក្រតីបំពានយកដីព្រៃស្រោង ដីព្រៃការពាររបស់រដ្ឋកន្លងមករបស់លោក លី ឧសភា អតីតប្រធានមន្ទីរសុរិយោដី ខេត្តស្ទឹងត្រែងកន្លងមក ឥឡូវប័ណ្ណកម្មសិទ្ធិទាំងអស់នោះដែលមានចំនួន៧៧ប័ណ្ណ ត្រូវបានក្រសួងសំរេចទុកជាមោឃភាព និងលុបចេញពីបញ្ជីទិន្នន័យក្បាលដីរួចហើយ។

ការថ្លែងរបស់លោក សេង ឡូត ធ្វើឡើងបន្ទាប់ពីបានចេញផ្សាយនូវអត្ថបទមួយមានចំណងជើងថា «ករណីលោក លី ឧសភា អតីតប្រធានមន្ទីររៀបចំដែនដីខេត្តស្ទឹងត្រែង ចេញប័ណ្ណកម្មសិទ្ធិលើដីព្រៃរបស់រដ្ឋ៥២៨ហិកតា ពេលនេះចៅក្រមកំពុងស៊ើបអង្កេត បន្ទាប់ពីព្រះរាជអាជ្ញាចោទ និងស្នើឲ្យឃុំខ្លួន»។

លោក សេង ឡូត បានថ្លែងយ៉ាងដូច្នេះថា «ករណីនេះក្រសួងបានពិនិត្យ ស្រាវជ្រាវ និងបានសម្រេចចាត់វិធានការ ដោយទុកជាមោឃ:នូវបណ្ណកម្មសិទ្ធិសរុប ៧៧ ក្បាលដី ដែលចេញលើដីព្រៃកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០ ព្រមទាំងលុបចោលទិន្នន័យពីក្នុងប្រព័ន្ធមូលដ្ឋានទិន្នន័យសុរិយោដី»។

យោងតាមលិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ចេញកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោក ឆាន់ សាផាន ជារដ្ឋលេខាធិការ ជំរាបជូនទៅប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង លើករណីសុំគោលការណ៏មោឃភាពបណ្ណ និងលុបទិន្នន័យក្បាលដី ៧៧ ប័ណ្ណ ដែលចេញដោយមន្ទីររៀបចំដែនដីខេត្តស្ទឹងត្រែង តាមការអនុវត្តបទបញ្ជាលេខ០១ បប ចុះ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ គឺក្រសួងសំរេចឯកភាពទុកជាមោឃភាព នូវបណ្ណកម្មសិទ្ធិ និងលុបទិន្នន័យចេញពីបញ្ជីក្បាលដីជាអសាបង់៕













Comments

Popular posts from this blog

កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម