សម្តេចតេជោ ហ៊ុន សែន៖ ព្រះរាជអំណោយ ព្រះមហាក្សត្រ មហាក្សត្រី និងថវិកាពីប្រជាពលរដ្ឋ ជាង៥៧លានដុល្លារ ល្មមគ្រប់គ្រាន់ បើសិនវ៉ាក់សាំងមួយដូស តម្លៃ៤ ទៅ៥ដុល្លារ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ថា បើវ៉ាក់សាំងមួយដូស តម្លៃចន្លោះ៤ ទៅ៥ដុល្លារអាមេរិក គឺព្រះរាជអំណោយ ព្រះមហាក្សត្រ និងមហាក្សត្រី ព្រមទាំងការចូលរួម របស់ប្រជាពលរដ្ឋខ្មែរ ជាង៥៧លានដុល្លារ គឺល្មមគ្រប់គ្រាន់ប្រើប្រាស់។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋាន សាងសង់រោងចក្រប្រព្រឹត្តកម្មទឹក ស្អាតបាក់ខែង និងពិធីសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាវ៉ាក់សាំង តម្លៃត្រឹមតែ៤ ទៅ៥ដុល្លារអាមេរិក ចំនួនថវិកា ដែលព្រះមហាក្សត្រ លួង ម៉ែ ព្រះសង្ឃ សប្បុរសជន ផ្ដល់ជាង៥៧លានដុល្លារ គឺល្មមគ្រប់គ្រាន់ ដើម្បីប្រើប្រាស់»។

សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់សហភាពអ៊ឺរ៉ុប បើសិនជាមានលទ្ធភាព ជួយដល់ប្រទេសកម្ពុជា ក្នុងការទិញវ៉ាក់សាំង កម្ពុជាស្វាគមន៍ជានិច្ច និងសូមថ្លែងអំណរគុណ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កុំនិយាយថា កម្ពុជាមើលឃើញ ឬត្រូវការតែចិននោះ។ នយោបាយរបស់កម្ពុជា គឺត្រូវការជុំវិញខ្លួនទាំងអស់។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ប្រភពវ៉ាក់សាំង ដែលកម្ពុជា នឹងទទួលបាន មានប្រមាណ២០លានដូស។

សម្ដេចតេជោ បន្ដថា ក្នុងនោះ ទទួលបានជំនួយពីចិន១លានដូស (មកដល់ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស), ទទួលពីកូវ៉ាក់ ដែលជារបស់អង្គការ សុខភាពពិភពលោក ៧លានដូស, ទិញតាមកូវ៉ាក់១លានដូស និងទទួលបានតាមរយៈជំនួយពីអូស្ត្រាលី ខ្ទង់៣លានដូស។ ក្រៅពីនោះ កម្ពុជាពិចារណាទិញពីប្រទេសអង់គ្លេសផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ព្រះរាជអំណោយ និងជំនួយជួយទិញវ៉ាក់សាំង។

សម្តេចតេជោ នាយករដ្ឋមន្ដ្រី បានលើកឡើងថា ព្រះរាជកាយវិការ និងកាយវិការទាំងនេះ បង្ហាញពីស្មារតីនៃសាមគ្គីភាព នៅក្នុងសង្គមកម្ពុជា។

ទន្ទឹមគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ កុំភ្លេចវិធានការ «៣កុំ» និង «៣ការពារ» ដើម្បីទប់ស្កាត់នឹងជំងឺកូវីដ-១៩ផងដែរ។

គូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងទៅទទួលវ៉ាក់សាំងនេះ ដល់ព្រលានយន្តហោះ ហើយក៏នឹងចាក់វ៉ាក់សាំងនេះ មុនគេផងដែរ។ បើទោះបីជាយ៉ាងណា សម្តេចតេជោ បានប្រកាសហើយ ការចាក់វ៉ាក់សាំង នឹងធ្វើឡើងក្រោមគោលការណ៍ស្ម័គ្រចិត្ត មិនបង្ខិតបង្ខំនោះឡើយ៕






















































Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម