អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា ថ្លែងសុន្ទរកថាថ្នាក់ជាតិលើកដំបូង ចាប់តាំងពីរដ្ឋប្រហារ ដោយប្តេជ្ញារៀបចំការបោះឆ្នោតថ្មីមួយដោយសេរី និងយុត្តិធម៌

(រ៉ង់ហ្គន)៖ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បានអំពាវនាវឲ្យសាធារណជនផ្តល់អាទិភាពលើអង្គហេតុជាជាងអារម្មណ៍ ដោយសង្កត់ធ្ងន់ថា ការបោះឆ្នោតថ្មីមួយនឹងត្រូវប្រព្រឹត្តិទៅដោយសេរីនៅពេលឆាប់ៗនេះ ហើយអំណាចនឹងត្រូវប្រគល់ទៅឲ្យគណបក្សដែលឈ្នះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃចន្ទ ទី០៨ ខែកម្ភៈ ឆ្នាំ២០២១។

នៅក្នុងសុន្ទរកថាលើកដំបូងរបស់លោក ចាប់តាំងពីរដ្ឋប្រហារមួយសប្តាហ៍មុន នាយឧត្តមសេនីយ៍ Min Aung Hlaing បាននិយាយថា របបយោធានេះ ខុសគ្នាពីរដ្ឋាភិបាលយោធាមុនៗ ដោយលោកបានសង្កត់ធ្ងន់ថា រដ្ឋមន្រ្តីសមរម្យនឹងត្រូវបានជ្រើសរើស ហើយគោលនយោបាយការបរទេស នឹងនៅតែមិនផ្លាស់ប្តូរ ខណៈដែលប្រទេសនានានឹងត្រូវបានលើកទឹកចិត្តឲ្យមកវិនិយោគ នៅក្នុងប្រទេសមីយ៉ាន់ម៉ាដដែល។

ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ជាថ្មីថា មានភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន ដែលត្រូវបានគេមើលរំលង ហើយលោកគូសបញ្ជាក់ថា គ្មានអង្គការណាមួយ អាចនៅខាងលើច្បាប់ឡើយ។ ទោះជាយ៉ាងណា លោកមិនបានរំលឹកអំពីលោកស្រីអ៊ុងសាន ស៊ូជី ទេ។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះប្រជាជនមីយ៉ាន់ម៉ា បានបន្តប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅតាមទីក្រុងធំៗ នៃប្រទេសមីយ៉ាន់ម៉ា ជាមួយការទទូច និងទាមទារឲ្យយោធាដោះលែងលោកស្រី អោង សាន ស៊ូជី និងការវិលត្រលប់ទៅរកលទ្ធិប្រជាធិបតេយ្យឡើងវិញ។ នៅឯទីក្រុងរ៉ង់ហ្គូន ចំនួនមនុស្សចូលរួមបាតុកម្ម ត្រូវគេប៉ាន់ប្រមាណថា ប្រហែលជាខ្ទង់រាប់ពាន់នាក់ ខណៈការប្រមូលផ្តុំបានប្រព្រឹត្តទៅ ០៣ថ្ងៃជាប់គ្នាមកហើយ ដោយត្រូវបានអូសបន្លាយ តាំងតែចុងសប្តាហ៍កន្លងទៅនេះ។ ក្រុមអ្នកតវ៉ាបានស្រែកទាមទារឲ្យ ដោះលែងលោកស្រី ស៊ូជី និងបុគ្គលដទៃៗទៀត ដែលត្រូវបានយោធាចាប់ខ្លួន។

ឆ្លើយតបនឹងស្ថានការណ៍នេះ យោធាមីយ៉ាន់ម៉ា បានប្រកាសប្រើច្បាប់អាជ្ញាសឹក នៅតាមទីក្រុងធំៗរបស់ខ្លួន។ ច្បាប់នេះនឹងគ្របដណ្តប់លើក្រុងចំនួន ៧ នៃទីក្រុងម៉ាន់ដាឡេ ដោយហាមឃាត់មិនឲ្យប្រជាជនធ្វើបាតុកម្ម ឬប្រមូលផ្តុំគ្នាជាក្រុមដែលមានគ្នាលើសពី ៥នាក់៕


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម