ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បាតុកម្មនឹងបន្តនៅថ្ងៃចន្ទនេះ, ការបង្ក្រាបកាលពីថ្ងៃអាទិត្យ បានសម្លាប់បាតុករពីរនាក់»

(ណៃពិដោ)៖ ក្រុមសកម្មជននៅមីយ៉ាន់ម៉ា កំពុងបន្តរៀបចំធ្វើសកម្មភាពតវ៉ា របស់ពួកគេនៅថ្ងៃចន្ទនេះ បើទោះបីជាបាតុករមួយចំនួនទៀត ទើបតែបានបាត់បង់ជីវិត កាលពីចុងសប្តាហ៍កន្លងទៅនេះក្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១។

កាលពីថ្ងៃអាទិត្យម្សិលមិញ មនុស្សចំនួន ០២នាក់ទៀតត្រូវបានគេអះអាងថាស្លាប់ ដោយសារតែការបង្រ្កាបរបស់កងកម្លាំងសន្តិសុខ។ ក្នុងនោះម្នាក់នៅទីក្រុង ម៉ូនីវ៉ា (Monywa) និងម្នាក់ទៀតនៅទីក្រុង ម៉ាន់ដាឡាយ (Mandalay) បើតាមការចុះផ្សាយរបស់ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាបានអះអាងថា មនុស្សស្លាប់បានកើនដល់ ២៥០នាក់ហើយ គិតចាប់តាំងពីរដ្ឋប្រហារបានផ្ទុះឡើង កាលពីថ្ងៃទី០១ ខែកុម្ភៈ។

គួរបញ្ជាក់ថា វិបត្តិដ៏តានតឹងនេះ ក៏បានបង្ខំឲ្យប្រជាជនមីយ៉ាន់ម៉ា ចាប់ផ្តើមនាំគ្នាចាកចេញទីក្រុងរ៉ង់ហ្គូន ដែលជាទីក្រុងធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ាផងដែរ ដោយសារការព្រួយបារម្ភពីសុវត្ថិភាព។ នៅសប្តាហ៍នេះដែរ ប្រជាជនមីយ៉ាន់ម៉ាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស នៅតែបន្តការដង្ហោយសុំឲ្យអន្តរជាតិ ប្រឹងប្រែងចាត់វិធានការឲ្យកាន់តែម៉ឺងម៉ាត់ ដើម្បីដាក់សម្ពាធលើរបបយោធាមីយ៉ាន់ម៉ា ស្ថិតនៅក្នុងគោលដៅទាមទារឲ្យយោធាចុះចេញអំណាច, ដោះលែងលោកស្រី អោង សាន ស៊ូ ជី និងស្តារលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសអាស៊ានមួយនេះឡើងវិញ៕












Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម