WHO៖ «ចំនួនករណីឆ្លងកូវីដ-១៩ ទូទាំងពិភពលោកបានកើនឡើងវិញ មិនធ្លាប់មានក្នុងអំឡុងពេល ៧សប្តាហ៍មកនេះ»

(ហ៊្សូរិច)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយថា ចំនួនករណីឆ្លងជំងឺ COVID-19 ថ្មីៗដែលបានរាយការណ៍នៅទូទាំងពិភពលោក បានកើនឡើងគួរឲ្យកត់សម្គាល់កាលពីសប្តាហ៍មុន ហើយវាជាការកើនឡើងលើកដំបូងបង្អស់ ក្នុងអំឡុងពេល ០៧សប្តាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១។

លោកស្រី ម៉ារៀ វែន កឺខូវ (Maria Van Kerkhove) ដែលជាប្រធានផ្នែកបច្ចេកទេសស្ដីពីជំងឺ COVID-19 នៃអង្គការ WHO បានគូសបញ្ជាក់ប្រាប់សន្និសីទកាសែតថា «វាចាំបាច់ណាស់ដែលយើងទាំងអស់គ្នា ត្រូវតែមានវិធានការការពារដ៏តឹងរ៉ឹង... វីរុសនេះនឹងស្ទុះងើបឡើងវិញ ប្រសិនបើយើងអនុញ្ញាត ហើយយើងនឹងមិនអាចអនុញ្ញាតឱ្យវា ស្ទុះងើបឡើងវិញជាដាច់ខាត»។

អគ្គនាយកអង្គការ WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានមានប្រសាសន៍ថា ការកើនឡើងនៃចំនួនករណីឆ្លងជំងឺ COVID-19 នេះគឺជាការខកចិត្តយ៉ាងខ្លាំង... ប៉ុន្តែវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ហើយវាក៏បានជំរុញឱ្យបណ្តាប្រទេសទាំងអស់ មិនអាចបន្ធូរបន្ថយវិធានការការពារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះដែរ។

លោក Tedros បានសង្កត់ធ្ងន់បន្ថែមថា «វាលឿនពេកហើយសម្រាប់បណ្ដាប្រទេសនានា ដែលពឹងផ្អែកតែលើកម្មវិធីចាក់វ៉ាក់សាំង និងបោះបង់ចោលវិធានការការពារផ្សេងៗទៀត។ ប្រសិនបើប្រទេសនានា ពឹងផ្អែកតែលើកម្មវិធីចាក់វ៉ាក់សាំងនោះ ពួកគេកំពុងតែធ្វើខុសហើយ ព្រោះវិធានការសុខភាពសាធារណៈ នៅតែជាមូលដ្ឋាននៃការប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ»៕


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម