ក្រុមហ៊ុនទូរគមនាគមន៍ម៉ាឡេស៊ីចំនួន ៤ សម្រេចយល់ព្រមចូលហ៊ុននៅក្នុងទីភ្នាក់ងារ 5G ជាមួយរដ្ឋាភិបាល

(គូឡាឡាំពួ)៖ បន្ទាប់ពីពន្យាពេលជាច្រើនខែនៃកិច្ចពិភាក្សាអំពីបណ្តាញ 5G រវាងក្រុមហ៊ុនទូរគមនាគមន៍ និងរដ្ឋាភិបាលនោះ ពេលនេះទទួលបានដំណឹងល្អហើយ ដោយក្រុមហ៊ុនទូរគមនាគមន៍ធំៗចំនួន ៤របស់ម៉ាឡេស៊ីបានយល់ព្រមចូលហ៊ុននៅក្នុងទីភ្នាក់ងារ 5G ដែលគ្រប់គ្រងដោយរដ្ឋាភិបាល Digital Nasional Berhad (DNB)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការពន្យាពេលជាច្រើនខែនៃកិច្ចពិភាក្សារវាងក្រុមហ៊ុនទូគមនាគមន៍ និងរដ្ឋាភិបាលចាប់តាំងពីខែកុម្ភៈមកម្លេះ ដោយក្នុងនោះដែល DNB បានផ្តល់ភាគហ៊ុនប្រមាណ ៧០ភាគរយដល់ប្រតិបត្តិករចំនួន ៦ក្នុងការដេញថ្លៃដើម្បីដោះស្រាយការជាប់គាំងជុំវិញការកំណត់តម្លៃ 5G និងផែនការចាប់ផ្តើមដំណើរការរបស់ទីភ្នាក់ងារនេះ។

ប្រភពពីសារព័ត៌មាន Reuters បានរាយការណ៍ថា ក្នុងចំណោមប្រតិបត្តិករទាំង ៦មានប្រតិបត្តិករធំៗចំនួន ២គឺ Maxis Bhd និង U Mobile បានបោះបង់ការចរចារកាលពីខែសីហាកន្លងទៅ។ បើតាមសេចក្តីថ្លែងការណ៍របស់ DNB បង្ហាញថា ក្រុមហ៊ុនចំនួន ៤ រួមមាន ក្រុមហ៊ុន Celcom Axiata, Telecommunications, YTL Communications និង Telekom Malaysia បានយល់ព្រមទទួលយកភាគហ៊ុនសរុបចំនួន ៦៥ភាគរយនៅក្នុងទីភ្នាក់ងារបណ្តាញ 5Gនេះ ដោយរដ្ឋាភិបាលជាអ្នកកាន់កាប់ភាគហ៊ុន ៣៥ភាគរយដែលនៅសល់។

លើសពីនេះទៅទៀត DNB បានឱ្យដឹងទៀតថា ចំពោះក្រុមហ៊ុនទាំង ៤ខាងលើនេះនឹងទទួលបាន «Golden Share» របស់រដ្ឋាភិបាល ដែលនឹងផ្តល់ឱ្យពួកគេនូវសិទ្ធិផ្សេងៗ រួមជាមួយនឹងការគ្របដណ្តប់លើផ្នែកមួយចំនួនដូចជាកម្មសិទ្ធិ ការលក់ ឬការផ្ទេរភាគហ៊ុនជាដើម។

គួរបញ្ជាក់ដែរថា ជាមួយនឹងការគ្រប់គ្រងភាគហ៊ុនបណ្តាញ 5G នេះ ក្រុមហ៊ុន YTL Communications និង Telekom Malaysia នឹងកាន់កាប់ភាគហ៊ុន ២០ភាគរយម្នាក់នៅក្នុង DNB ខណៈដែលក្រុមហ៊ុន Celcom Axiata និង Digi Telecommunications នឹងកាន់កាប់ភាគហ៊ុន ១២.៥ភាគរយរៀងៗខ្លួន មុនការបញ្ចូលគ្នាដែលបានស្នើឡើងរវាងក្រុមហ៊ុនទាំងពីរចុងក្រោយនេះ៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម