តុលាការបិទបញ្ចប់នីតិវិធីសួរដេញដោល លោក កឹម សុខា លើបទចោទ «សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស» និងសម្រេចធ្វើសេចក្តីសន្និដ្ឋាននៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២

 (ភ្នំពេញ)៖ ក្រោយសវនាការសួរដេញដោល លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ចំនួន៦១លើក ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានបិទបញ្ចប់ការសួរដេញដោលទៅលើបទចោទ «សន្ទិដ្ឋិភាព ឬអំពើត្រូវរ៉ូវ ជាមួយរដ្ឋបរទេស» ហើយសម្រេចធ្វើសេចក្តីសន្និដ្ឋាន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។


លោក កឹម សុខា ត្រូវបានសួរដេញដោលពាក់ព័ន្ធទៅនឹងការឃុបឃិត ជាមួយបរទេសក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅក្នុងសវនាការចាប់តាំងពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ។ សមាសភាពក្រុមប្រឹក្សាជំនុំជម្រះនៅក្នុងសវនាការ រួមមានលោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោក សេង លាង ចៅក្រមប្រឹក្សា, លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមប្រឹក្សា និងមានលោកប្លង់ សុផល , លោកឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ ។

មន្ត្រីតុលាការបានបញ្ជាក់ថា សេចក្តីសន្និដ្ឋានគ្រប់ភាគី នឹងធ្វើឡើងមុនពេលប្រកាសសាលក្រម នៅពេលខាងមុខនេះ ទាក់ទងនឹងបទចោទ «សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស» ហើយតុលាការនឹងកំណត់កាលបរិច្ឆេទប្រកាសសាលក្រមនៅពេលក្រោយផងដែរ។

លោក កឹម សុខា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ទើបត្រូវតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យជំនួសវិញ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី។

អយ្យការអមសាលាដំបូងភ្នំពេញ បានចោទប្រកាន់អតីតប្រធានគណបក្សប្រឆាំងនេះពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ខណៈដែល គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលកាត់ទោសរំលាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ជាមួយគ្នានោះ អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិសរុប ១១៨នាក់ ដោយក្នុងនោះមានទាំង លោក កឹម សុខា ផងដែរក៏ត្រូវបានតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ។

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានកែសម្រួលលើលក្ខខណ្ឌដាក់ លោក កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ ក្នុងលក្ខខណ្ឌថ្មីនេះ ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម៖

ក៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ខ៖ មិនត្រូវធ្វើសកម្មភាពនយោបាយ។
គ៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម