«សន្សំតិចប្រសើរជាងមិនបានសន្សំ»៖ ជាប្រធានបទសម្រាប់អបអរទិវាសន្សំអាស៊ាន ឆ្នាំ២០២២

 (សៀមរាប)៖ ធនាគារជាតិនៃកម្ពុជា សហការដោយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ទិវាសន្សំអាស៊ាន ដែលប្រធានបទនៅឆ្នាំនេះ សន្សំតិចប្រសើរជាងមិនបានសន្សំ នៅក្នុងខេត្តសៀមរាប។ ទិវាសន្សំអាស៊ាននេះ ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ ខែតុលា។


លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឲ្យបង្កើនអនុវត្តនូវទម្លាប់ក្នុងការសន្សំ ជាពិសេសគឺការសន្សំជាមួយស្ថាប័នហិរញ្ញវត្ថុផ្លូវការ ដើម្បីទទួលបាននូវអត្ថប្រយោជន៍នានា ក៏ដូចជាចៀសវាងនូវហានិភ័យផងដែរ។ លោក យុន លីនណេ ក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋចាប់ផ្តើមបណ្តុះនូវទម្លាប់សន្សំប្រាក់តាមមីក្រូហិរញ្ញវត្ថុ ដើម្បីទទួលបានការគ្រប់គ្រងហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាពខ្ពស់។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានលើកឡើងថា ទិវាសន្សំអាស៊ាន គឺជាគំនិតផ្តួចផ្តើមរបស់គណៈកម្មាធិការការងារអាស៊ាន សម្រាប់កិច្ចការបរិយាបន្នហិរញ្ញវត្ថុ និងមានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីសារៈសំខាន់នៃការសន្សំ ស្របតាមកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ាន។ ទិវាសន្សំអាស៊ាន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្រោមកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ស្ថានប័នហិរញ្ញវត្ថុ ជាពិសេសគឺធនាគារជាតិនៃកម្ពុជា។

កម្មវិធីនេះ នឹងលើកកម្ពស់បន្ថែមមួយកម្រិតទៀតនូវវប្បធម៌នៃការសន្សំ ដែលនឹងជួយដល់ការកៀរគរប្រាក់សន្សំ និងការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែមានភាពប្រសើរឡើង ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។ ការសន្សំពិតជាមានសារៈសំខាន់ដែលត្រូវតែយកចិត្តទុកដាក់ និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ព្រោះថាការសន្សំអាចជួយសម្រួលនូវតម្រូវការចាំបាច់ក្នុងស្ថានភាពបន្ទាន់នៅពេលអនាគត ហើយជាពិសេសគឺចូលរួម ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង។

តាមការបញ្ជាក់ពី លោក សុខ វឿន គិតត្រឹមដំណាច់ឆ្នាំ២០២១ ចំនួនគណនីប្រាក់បញ្ញើអតិថិជនកើនឡើងដល់ចំនួន ១២,១ លានគណនី ដែលមានសមតុល្យប្រាក់បញ្ញើប្រមាណ ១៥៧ ទ្រីលានរៀល ស្មើនឹង ៣៨,៥ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៥,៤% ការកើនឡើងនៃចំនួនគណនី និងសមតុល្យប្រាក់បញ្ញើ ឆ្លុះបញ្ចាំងឱ្យឃើញពីការយល់ដឹងផ្នែកហិរញ្ញវត្ថុ របស់ប្រជាពលរដ្ឋ ជាពិសេសការយល់ដឹងពីសារៈសំខាន់នៃការសន្សំ។

ទន្ទឹមនឹងនោះដែរ លោកបណ្ឌិត អ៊ិន ចាន់នី ក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៃកម្ពុជា បានលើកថា ការរៀបចំទិវាសន្សំអាស៊ាន សន្សំតិចប្រសើរជាងមិនបានសន្សំ ដើម្បីរួមចំណែកលើកកំពស់និងធ្វើឱ្យប្រសើរឡើងនូវបរិយាបន្នហិរញ្ញវត្ថុ ដែលស្របតាមយុទ្ធសាស្ត្រជាតិស្ដីពីហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងការលើកកម្ពស់ការសន្សំនៅនៅគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ ទទួលបានប្រាក់បញ្ញើផ្លូវការ និងបង្កើនការយល់អំពីអត្ថប្រយោជន៍ ជំរុញនឹងការបើកគណនេយ្យសន្សំ ដើម្បីលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការផ្តល់ជូននូវលក្ខខណ្ឌឲ្យបានប្រសើរ ចំពោះការបើកគណនេយ្យសន្សំប្រកបដោយការច្នៃប្រឌិតខ្ពស់។

លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការសន្សំប្រាក់ជាផ្នែកមួយដ៏សំខាន់នៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់បុគ្គល និងក្រុមគ្រួសារនីមួយៗ។ ការគ្រប់គ្រងចំណូលចំណាយបានល្អជាកត្តាចាំបាច់បឋម ដើម្បីឈានទៅដល់ការសន្សំប្រាក់ ជាពិសេស ការសន្សំប្រាក់ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើន មានដូចជា សុវត្ថិភាពនៃការរក្សាទុកប្រាក់សន្សំ ការទទួលបានការប្រាក់សន្សំ ការទទួលបានកិច្ចការពារតាមផ្លូវច្បាប់ លទ្ធភាពរៀបចំគម្រោងសម្រាប់អនាគតច្បាស់លាស់ និងប្រាក់សន្សំរបស់សាធារណជនជាមូលធនដ៏សំខាន់សម្រាប់តម្រូវការវិនិយោគក្នុងប្រទេសផងដែរ៕

























Comments

Popular posts from this blog

កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម