Google យល់ព្រមលើ Truth Social របស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump សម្រាប់ដាក់បញ្ចូលក្នុង Play Store

(បរទេស)៖ ថ្មីៗនេះអ្នកនាំពាក្យក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់ Alphabet Inc បានឱ្យដឹងថា Google បានសមេ្រចយល់ព្រមលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងការដាក់បញ្ចូលនៅក្នុង Play Store ហើយ បន្ទាប់ពីស្ថិតក្នុងការពិភាក្សាអំពីការរំលោភលើគោលការណ៍ ក៏ដូចជាខ្លឹមសារហាមឃាត់មួយចំនួន អស់ជាច្រើនខែមកនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។
ប្រភពពីអ្នកនាំពាក្យ Google ដដែលបានឱ្យដឹងទៀតថាក្រុមហ៊ុន Trump Media & Technology Group (TMTG) ដែលប្រតិបត្តិការបណ្តាញផ្សព្វផ្សាយសង្គម Truth Social ត្រូវបានគេរំពឹងថានឹងលេចវត្តមាននៅក្នុង Play Store ក្នុងពេលឆាប់ៗខាងមុខនេះ។ យ៉ាងណាមិញទាក់ទិននឹងការសម្រេចចិត្តនាពេលថ្មីៗនេះ ក្រុមហ៊ុន Alphabet ដែលជាមេធំរបស់ Google បានព្យាយាមពន្យាពេលក្នុងការដាក់ឱ្យដំណើរការ បណ្តាញសង្គម Truth Social ម្តងហើយម្តងទៀតនៅលើស្មាតហ្វូន Android ដែលមានប្រហែល ៤០ភាគរយនៃទីផ្សារស្មាតហ្វូននៅសហរដ្ឋអាមេរិកក្នុងអំឡុងប៉ុន្មានខែមកនេះ។ ខណៈដែល Truth Social ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការនៅក្នុង App Store របស់ក្រុមហ៊ុន Apple ចាប់តាំងពីថ្ងៃទី២១ ខែកុម្ភៈ មកម្លេះ។

ទន្ទឹមនឹងនេះលោក Devin Nunes នាយកប្រតិបត្តិរបស់ TMTG បានសម្តែងសេចក្តីត្រេកអរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «វាពិតជារីករាយក្នុងការធ្វើការជាមួយ Google ហើយយើងរីករាយដែលពួកគេបានជួយយើងក្នុងការនាំយកបណ្តាញសង្គម Truth Social ដល់ប្រជាជនអាមេរិកទាំងអស់ បើទោះបីជាពួកគេប្រើឧបករណ៍អ្វីក៏ដោយ»។

គួរបញ្ជាក់ដែថា កម្មវិធី «Truth Social» មានលក្ខណ:ស្រដៀងគ្នាទៅនឹងកម្មវិធី Twitter ពោលគឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ធ្វើការបង្ហោះសារ និង ផ្ញើសារ ទៅវិញទៅមកបាន។ ជាហេតុដែលនាំឱ្យអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បង្កើតបណ្តាញផ្សព្វផ្សាយសង្គមនេះឡើង ដោយសារលោកត្រូវបានហាមឃាត់ពីបណ្តាញផ្សព្វផ្សាយផ្សេងៗដូចជា Twitter Inc, Facebook និង YouTube ដែលជាបុត្រសម្ព័ន្ធរបស់ Alphabet Inc បន្ទាប់ពីកុប្បកម្មនៅកាពីតូល សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ កន្លងទៅ ក្រោមការចោទប្រកាន់ថាលោកបានបង្ហោះសារញោះញង់ឱ្យមានអំពើរហិង្សា ដូច្នេះហើយទើបលោកសម្រេចបង្កើតបណ្តាញផ្សព្វផ្សាយនេះតែម្តង៕


Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម