យន្តហោះដឹកអ្នកដំណើរ Korean Air រអិលចេញពីផ្លូវកំលុងពេលចុះចត នៅឯប្រទេសហ្វីលីពីន

 (ម៉ានីល)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Korean Air បានរត់ជ្រុលហួសផុតពីផ្លូវ ពេលកំពុងចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិម៉ាក់តាន់-សេប៊ូ (Mactan-Cebu) ក្នុងប្រទេសហ្វីលីពីន ដែលបានធ្វើឱ្យមនុស្សមួយចំនួនរបួសស្រាល និងផ្អាកប្រតិបត្តិការអាកាសយានដ្ឋានជាបណ្តោះអាសន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។


អាជ្ញាធរអាកាសចរណ៍ស៉ីវិលហ្វីលីពីន CAAP បានឱ្យដឹងថា អ្នកដំណើរនិងក្រុមការងារយន្តហោះទាំង ១៧៣នាក់ ដែលស្ថិតក្នុង​ជើងហោះហើរ KE631 របស់ Korean Air មកពីទីក្រុងអ៉ីនឈាន់ (Incheon) ត្រូវបានជម្លៀសដោយសុវត្ថិភាព ចេញពីយន្តហោះ Airbus A330 ដែលបានរអិលចេញពីផ្លូវចុះចត កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ សម្រាប់អ្នកដែលរងរបួសបន្តិចបន្តួច ត្រូវបាន​ព្យាបាលនៅគ្លីនិករបស់អាកាសយានដ្ឋានផ្ទាល់។

អ្នកគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិម៉ាក់តាន់-សេប៊ូ ដែលជាអាកាសយានដ្ឋានមមាញឹកបំផុតទី២ ប្រចាំប្រទេសហ្វីលីពីន បាននិយាយថា អាកាសយានដ្ឋាននឹងត្រូវផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នសិន ខណៈអាជ្ញាធរកំពុងធ្វើការដើម្បីព្យាយាម ឱ្យមាន​ប្រតិបត្តិការជើងហោះហើរ ឡើងវិញបានឆាប់ៗ។ ទន្ទឹមគ្នា ការស៉ើបអង្កេតក៏កំពុងប្រព្រឹត្តទៅផងដែរ ជុំវិញករណីនេះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ យន្តហោះអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ចិន សៀម៉ិន (Xiamen) បានរអិលចេញពីផ្លូវចុះចត នៅឯអាកាសយានដ្ឋានទីក្រុងម៉ានីល ហើយបានបង្ខំឱ្យជើងហោះហើរខ្ទង់១០០ជើង ត្រូវលុបចោល៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម