ម្ចាស់ Twitter ថ្មីលោក Elon Musk កំពុងដាក់ចេញមុខងារ Verify អ្នកប្រើប្រាស់ក្នុងតម្លៃ ១៩.៩៩ដុល្លារក្នុងមួយខែ

 (បរទេស)៖ បន្ទាប់ពីកិច្ចព្រមព្រៀងទិញយក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារត្រូវបានបញ្ចប់ពេលនេះលោក Elon Musk បានឱ្យដឹងថា លោកនឹងកែប្រែទៅលើដំណើរការ Verify Twitter Blue (សញ្ញាធីកពណ៌ខៀវ) របស់អ្នកប្រើប្រាស់ Twitter ឡើងវិញនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ខណៈដំណើរការនេះនឹងតម្រូវឱ្យបង់ប្រាក់ចន្លោះពី ៤.៩៩ដុល្លារ ដល់ ១៩.៩៩ដុល្លារក្នុងមួយខែ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។


មុខងារ Twitter Blue ឬហៅថា សញ្ញាធីកពណ៌ខៀវត្រូវបានដាក់ឱ្យដំណើរការកាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ដែលវាជាសេវាកម្មជាវរបស់បណ្តាញផ្សព្វផ្សាយសង្គមដ៏ធំនេះដែលផ្តល់ជូននូវ «ការចូលប្រើប្រាស់ផ្តាច់មុខចំពោះមុខងារពិសេសៗជាច្រើន» រួមជាមួយនឹងជម្រើសអាច Edit Tweet បានថែមទៀត។ ដោយឡែកចំពោះមុខងារ Twitter Blue នេះមានសម្រាប់តែអ្នកប្រើប្រាស់ជម្រើសបង់ប្រាក់ប្រចាំខែប៉ុណ្ណោះ។

ប្រភពពីកាសែតបច្ចេកវិទ្យា Platformer បានឱ្យដឹងថា ម្ចាស់ Twitter ថ្មីលោក Elon Musk ចាប់ផ្តើមដាក់ចេញនូវមុខងារបង់ប្រាក់ប្រចាំខែសម្រាប់សញ្ញាធីកពណ៌ខៀវនេះ ក្នុងគោលបំណង Verify អត្តសញ្ញាណម្ចាស់គណនីរបស់ខ្លួន ក៏ដូចជាការទាញយកចំណូលមួយផ្នែកក្នុងការពង្រឹងមុខងារនេះផងដែរ។

គួរបញ្ជាក់ដែរថា លោក Elon Musk ទើបតែបញ្ចប់កិច្ចព្រមព្រៀងទិញយក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារកាលពីពេលថ្មីៗនេះ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺថាថ្ងៃដំបូងដែលលោកចូលទៅគ្រប់គ្រងនៅក្នុង Twitter លោក Musk បានបណ្ដេញនាយកប្រតិបត្តិ និងប្រធានផ្នែកហិរញ្ញវត្ថុ Twitter ចេញពីមុខតំណែងថែមទៀតផង៕








Comments

Popular posts from this blog

កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម