កូរ៉េខាងត្បូងចល័តយន្តហោះចម្បាំង ៨០គ្រឿង ក្រោយកូរ៉េខាងជើង ធ្វើសកម្មភាពយន្តហោះសរុប ១៨០គ្រឿង នៅក្បែរតំបន់ព្រំដែន
(សេអ៊ូល)៖ នារសៀលថ្ងៃសុក្រនេះ កូរ៉េខាងត្បូងបានឱ្យដឹងថា ខ្លួនបានចល័តយន្តហោះចម្បាំងរាប់សិបគ្រឿង បន្ទាប់ពីប្រទះឃើញ សកម្មភាពហោះហើរ របស់យន្តហោះកូរ៉េខាងជើង ប្រមាណជា១៨០គ្រឿង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០២២។
យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា យន្តហោះកូរ៉េខាងជើងសរុបចំនួនខ្ទង់ ១៨០គ្រឿង ត្រូវបានប្រទះឃើញហោះក្រឡឹងនៅក្បែរៗ តំបន់ព្រំប្រទល់អន្តរកូរ៉េ កំលុងរយៈពេល៤ម៉ោង នៅថ្ងៃសុក្រនេះ។ ជាការឆ្លើយតប យោធាកូរ៉េខាងត្បូង ក៏បានចល័តយន្តហោះរបស់ខ្លួនសរុប ៨០គ្រឿង ក្នុងនោះមានទាំងយន្តហោះចម្បាំងបំបាំងកាយ F-35A។ ចំណែកយន្តហោះប្រហែល ២៤០គ្រឿង ដែលកំពុងចូលរួមសមយុទ្ធទ័ពអាកាស Vigilant Storm រវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក គឺបានបន្តការហ្វឹកហ្វឺនជាធម្មតា។
គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ ទីក្រុងព្យុងយ៉ាងបានបាញ់តេស្តមីស៉ីលផ្លោងបាលិស្ទីគ និងកាំភ្លើងធំជាបន្តបន្ទាប់គ្នា ចាប់តាំងតែពីទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៉ីនតោន បានចាប់ផ្តើមការធ្វើសមយុទ្ធ Vigilant Storm កាលពីថ្ងៃចន្ទ។ ដោយឡែក កាលពីខែតុលា យន្តហោះកូរ៉េខាងជើងចំនួន ១០គ្រឿង ក៏បានធ្វើការហោះហើរក្នុងលក្ខណៈស្រដៀងគ្នា មកក្បែរតំបន់ព្រំប្រទល់ផងដែរ ហើយបានជំរុញឱ្យកូរ៉េខាងត្បូងចល័តយន្តហោះចម្បាំង ដើម្បីឆ្លើយតបដូចគ្នានាពេលនោះ៕

Comments