លោក ស៊ី ជិនពីង ប្រាប់លោក គីម ជុងអ៊ុន ថាចិនចង់ធ្វើការរួមគ្នាជាមួយ កូរ៉េខាងជើង ដើម្បីសន្តិភាពក្នុងតំបន់ និងពិភពលោក

 (សេអ៊ូល)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនថាចិនមានបំណងធ្វើការរួមគ្នាជាមួយ កូរ៉េខាងជើង ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងសម្រាប់ពិភពលោក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៦ ​ខែវិច្ឆិកា ឆ្នាំ២០២២។


បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក ស៊ី ជិនពីង ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសំបុត្រមួយច្បាប់ ដែលបានផ្ញើកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍កន្លងទៅនេះ ជាការឆ្លើយតបទៅនឹងសារអបសាទររបស់លោក គីម ជុងអ៊ុន ទៅកាន់លោក ស៊ី ក្រោយលោកត្រូវបានជ្រើសតាំងឱ្យបន្ត កាន់តែតំណែងជាអគ្គលេខាធិការបក្សកម្មុយនិស្តចិន និងជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣កាលពីខែតុលាកន្លងទៅ។ K​CNA បន្ថែមថាលោក ស៊ី ជិនពីង ក៏បានសង្កត់ធ្ងន់ដែរថាពិភពលោកកំពុងប្រឈមមុខនឹងការផ្លាស់ប្ដូរមិនធ្លាប់មានពីមុនមក ហើយចិនមានបំណងពង្រឹង ទំនាក់ទំនងទ្វេភាគីជាមួយកូរ៉េខាងជើង ដើម្បីធ្វើការរួមគ្នាដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។

ក៏ប៉ុន្តែ KCNA មិនបានបញ្ជាក់ថាតើនៅក្នុងសំបុត្រដដែលនោះ លោក ស៊ី ជិនពីង បានលើកឡើងពីការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង ជាហូរហែរនាពេលកន្លងមក ដែរឬក៏យ៉ាងណានោះទេ ស្របពេលស្ថានការណ៍នៅលើតំបន់ឧបទ្វីបកូរ៉េកំពុងតានតឹងខ្លាំង ដោយម្ខាងទីក្រុងព្យុងយ៉ាង ធ្វើតេស្ដមីស៊ីល រីឯម្ខាងទៀតគឺសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នា៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម