អតីតប្រធានាធិបតីចិន លោក Jiang Zemin ទទួលមរណភាព នៅអាយុ៩៦ឆ្នាំ

 (ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន បានរាយការណ៍ថា អតីតមេដឹកនាំចិន លោក ជាំង ហ្សេមីន (Jiang Zemin) បានទទួលមរណភាពហើយ ក្នុងថ្ងៃពុធនេះនៅអាយុ៩៦ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។


ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ បានប្រកាសថា លោក ជាំង ហ្សេមីន បានទទួលមរណភាព ដោយសារជំងឺមហារីកគ្រាប់ឈាម បូករួមជាមួយការខូចខាតសរីរាង្គខាងក្នុងជាច្រើន នៅឯទីក្រុងសៀងហៃ កាលពីវេលាម៉ោង១២៖១៣នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងវ័យ៩៦ឆ្នាំ។

នៅពេលលោក ជាំង ឡើងជាមេដឹកនាំចិនជំនួសលោក តេង សៀវពីង (Deng Xiaoping) កាលពីឆ្នាំ១៩៨៩ ប្រទេសចិនគឺកំពុងស្ថិត​នៅដំណាក់កាលដំបូងៗ នៃការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់ខ្លួននៅឡើយទេ។ ប៉ុន្តែដល់ពេលដែលរូបលោក ចូលនិវត្តន៍ក្នុងនាមជា​ប្រធានាធិបតីនៅឆ្នាំ២០០៣ ចិនបានក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ហើយទីក្រុងប៉េកាំង ធានាបានសិទ្ធិធ្វើជា​ម្ចាស់ផ្ទះ សម្រាប់រៀបចំព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០០៨ ពោលគឺប្រទេសចិនស្ថិតនៅលើគន្លងផ្លូវយ៉ាងប្រសើរ ដើម្បីសំដៅឆ្ពោះទៅរកឋានៈជា កំពូលមហាអំណាចមួយរបស់ពិភពលោក។

គួរបញ្ជាក់ថា លោក ជាំង ហ្សេមីន មានតំណែងជាអគ្គលេខាធិការ នៃគណបក្សកុម្មុយនិស្តចិនចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០០២, ជាប្រធានគណៈកម្មការយោធាមជ្ឈិមចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០០៤ និងជាប្រធានាធិបតីចិន ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៣។ លោក ជាំង បានទទួលមរណភាព ដោយបន្សល់ទុកនូវភរិយា គឺលោកស្រី វ៉ាង យេពីង (Wang Yeping) ហើយនិងកូនប្រុស២នាក់៕

Comments

Popular posts from this blog

កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម