Twitter ប្រកាសបិទការិយាល័យមួយរយៈ ក្រោយពេលរងសម្ពាធ និងការរឹតបន្តឹងខ្លាំងពីសំណាក់លោក Elon Musk
(បរទេស)៖ បន្ទាប់ពីការដាក់ឱសានវាទរបស់ Elon Musk នៅទូទាំង Twitter ត្រូវបានគេប៉ាន់ប្រមាណថាបុគ្គលិក Twitter ជាច្រើនទំនងជាដើរចេញពីក្រុមហ៊ុនដោយគ្មានស្តាយស្រណោះ។ ពោលគឺម្សិលមិញនេះ Musk បានផ្ញើសារទៅកាន់បុគ្គលិក Twitter ជាច្រើននាក់ ដោយបង្ខំឱ្យអ្នកទាំងនោះ ត្រូវធ្វើការជាច្រើនម៉ោងនៅក្នុងមួយថ្ងៃ បើមិនដូច្នេះទេ វាសនាពួកគេនឹងត្រូវបានបញ្ចប់ពីក្រុមហ៊ុននេះតែម្តង។ តែយ៉ាងណាស្រាប់តែយប់មិញនេះ Twitter បានជូនដំណឹងភ្លាមៗដល់និយោជិតថា ខ្លួននឹងបិទការិយាល័យ រួមជាមួយនឹងផ្អាកការចូលប្រើប្រាស់មួយរយៈ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។
នៅល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ Twitter បានផ្ញើអ៊ីមែលម្តងទៀតទៅកាន់បុគ្គលិករបស់ខ្លួនដែលមានខ្លឹមសារថា «Twitter នឹងបិទការិយាល័យរហូតដល់ថ្ងៃចន្ទ»។ ពោលគឺចាប់ផ្តើមបិទពីយប់ថ្ងៃសុក្រនេះ រហូតដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ (ថ្ងៃទី២១ ខែវិច្ឆិកា)។ ជាការឆ្លើយតបទៅនឹងអ៊ីមែលនោះ បុគ្គលិក Twitter ម្នាក់ដែលទើបតែលាឈប់បាននិយាយនៅលើគណនីផ្ទាល់ខ្លួនរបស់លោកដែលមានឈ្មោះ James Clayton ថា «ខ្ញុំមិនចង់ធ្វើការឱ្យអ្នកគំរាមយើងតាមអ៊ីមែលជាច្រើនដងនោះទេ»។
តាមរយៈការស្ទង់មតិបុគ្គលិកមួយចំនួននៅលើ Blind ទាក់ទិននឹងការបង្ខំឱ្យបុគ្គលិកធ្វើការច្រើនម៉ោងនេះ ត្រូវបានប្រភពបង្ហាញថា ជាងពាក់កណ្តាលនៃអ្នកឆ្លើយតបបានប៉ាន់ប្រមាណថា យ៉ាងហោចណាស់ ៥០ភាគរយនៃបុគ្គលិកនឹងចាកចេញពី Twitter។ ខណៈការបង្ខំនេះគឺដើម្បីសម្រេចគោលដៅរបស់ Musk ក្នុងការនាំបណ្ដាញសង្គមនេះ ទៅជា Twitter 2.0។
គួរបញ្ជាក់ដែរថា ការដាក់ឱសានវាទទាំងនេះ ទំនងជាអាចនាំទុក្ខធ្ងន់ដល់ Twitter ដោយពេលថ្មីៗនេះ ក្រុម Slack ឯកជនមួយសម្រាប់មានបុគ្គលិកបច្ចុប្បន្ន និងអតីតរបស់ Twitter ដែលមានសមាជិកប្រហែល ៣៦០នាក់ត្រូវបានគេឃើញថា បានចូលរួមជាមួយបណ្តាញថ្មីមួយដែលមានចំណងជើងថា «ការបញ្ឈប់ដោយស្ម័គ្រចិត្ត» បូករួមទាំងបុគ្គលិកប្រមាណជាង ១០នាក់ផ្សេងទៀតដែលមិបញ្ចេញឈ្មោះបានប្រកាសលាឈប់ពី Twitter ម្សិលមិញនេះ។ ដូច្នេះលទ្ធផលទាំងនេះទំនងជាមិនខុសពីការប្រកាសបង្ហាញរាល់នោះទេដែលថា Twitter អាចនឹងឈានដល់ការក្ស័យធន៕



Comments