លោក ហ៊ុន ម៉ានី និងលោក ទៀ សីហា បើកកិច្ចប្រជុំត្រៀមរៀបចំអង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅខេត្តសៀមរាប

 (សៀមរាប)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំដើម្បីត្រៀមរៀបចំអង្គរសង្ក្រាន្តឆ្នាំ២០២៣។


កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់អស់លោក លោកស្រីជាសមាជិកអនុគណៈកម្មការរៀបចំកម្មវីធីអង្គរសង្រ្កាន្តខេត្ត ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា ជាច្រើនចូលរួមផងដែរ។

នាឱកាសនោះដែរ លោក ទៀ សីហា បានលើកឡើងថា កិច្ចប្រជុំរបស់គណៈកម្មការរៀបចំកម្មវីធីអង្គរសង្រ្កាន្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម» អាជ្ញាធរខេត្តនាពេលនេះ ក្នុងការត្រួតពិនិត្យទៅលើរាល់គម្រោង ផែនការនៃផែននិមួយៗ ក្នុងការរៀបចំពិធីបុណ្យអង្គរសង្រ្កាន្ត២០២៣ ឱ្យដំណើរការទៅទទួលដោយជោគជ័យ។

លោក ទៀ សីហា បានបន្តថា «កិច្ចការទាំងនេះ យើងបានទទួលបទពិសោធន៍ជាច្រើនឆ្នាំមកហើយ ព្រមទាំងបានដំណើរការប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានជោគជ័យទៀតផងដែរ»។

លោកអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ទៅលើបញ្ហាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ នៅតំបន់គោរពពិធី ទោះបីប្រទេសយើងមានភាពធូស្រាលពីជំងឺកូវីដ១៩ និងការបើកប្រទេសឱ្យដំណើរការឡើងវិញ ក្នុងគោលដៅស្តារឡើងវិញនូវសេដ្ឋកិច្ចជាតិនោះ គឺវិស័យវិស័យទេសចរណ៍នៅកម្ពុជា ហើយក៏មិនធ្វេសប្រហែសនោះដែរ គឺត្រូវបន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» នៅគ្រប់វិនាទី។ ដោយឡែកគ្រប់មន្ទីរ ស្ថាប័ន អង្គភាព និងវិស័យឯកជន ដែលមានការពាក់ព័ន្ធ ចំពោះបញ្ហាអនាម័យ បរិស្ថាន សំខាន់នូវបង្គន់អនាម័យ និងចំណតរថយន្តគ្រប់ប្រភេទទៀតផង។

បើតាមលោក ហ៊ុន ម៉ានី ការប្រារព្ធធ្វើអង្គរសង្ក្រាន្តនៅលើទឹកដីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប គឺជាប្រវត្តិសាស្ត្រមួយសម្រាប់យុវជន ប្រជាជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរណ៍បរទេសផងដែរ។ ការប្រារព្ធអង្គរសង្រ្កាន្ត ដែលជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោយពេលមានភាពធូស្រាលពីជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យសហភាពសហព័ន្ធ យុវជនកម្ពុជា រៀបចំអង្គរសង្រ្កាន្តសារជាថ្មី និងស្របនឹងខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងគោលបំណងជួបជុំយុវជន និងមហាជន នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាមហាគ្រួសារខ្មែរតែមួយ និងធ្វើឱ្យមានភាពរស់រវើកនៃសម្បត្តិបេតិកភណ្ឌអរូបិយរបស់ខ្មែរ។

លោក ហ៊ុន ម៉ានី បានបន្តថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ឱ្យក្លាយជាព្រឹត្តិការណ៍អន្តរជាតិ ដើមី្បរឹតនូវចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិខ្មែរ និងប្រជាជាតិលើសកលលោក។ ម៉្យាងទៀត ក៏បានផ្តល់ឱកាសឱ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្វើការស្វែងយល់អំពីភាពរុងរឿង លី្បល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនា នាសម័យមហានគរ មកដល់បច្ចុប្បន្ន និងបន្តថែរក្សា កេរមរតកឱ្យបានគង់វង្ស និងបន្តពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិផងដែរ។

លោក ហ៊ុន ម៉ានី ក៏បានបញ្ជាក់ថា ការរៀបចំអង្គរសង្ក្រាន្តនៃឆ្នាំទី១០នេះ ក៏ជាការរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ ដែលបានកំណត់ត្រាជាប្រវត្តិសាស្ត្រ ដែលទទួលស្គាល់ពីអន្តរជាតិ ទៅលើវិញ្ញាសារ «អន្សមយក្ស ការរាំចង្វាក់ម៉ានីហ្សូន ក្រម៉ា ដែលវែងជាងគេ ចាប៉ីដងវែង»។ សមទ្ធិផលទាំងនេះ ជាការបំផុសនូវគំនិតរួបរួមកម្លាំងសាមគ្គីភាពជាគ្រួសារខ្មែរតែមួយ ក្នុងមោទនភាពជាតិខ្មែរជាធ្លុងមួយ ក្នុងការបណ្តុះស្មារតីអភិរក្ស អភិវឌ្ឍន៍វប្បធម៌ បាវចនាជាតិ ព្រលឹងជាតិ អត្តសញ្ញាណជាតិខ្មែរ ក្នុងបរិបទនៃសមាហរណកម្មសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ក្នុងសម័យកាលសាកលភាវូបនីយកម្មទំនើបជំនាន់ថ្មីនេះ។

ព្រឹត្តិការណ៍នេះដែរ បង្ហាញនូវវប្បធម៌ សិល្បះនៃការចែករំលែក ការរាប់អាន ភាពទន់ភ្លន់របស់ប្រជាពលរដ្ឋខ្មែរ ក្នុងការជួយទុក្ខធុរៈគ្នា ទៅវិញទៅមកព្រមទាំងសំណូមពរមួយចំនួន ដល់អាជ្ញាធរខេត្ត និងសុំនូវការណែនាំមួយចំនួនពីអាជ្ញាធរខេត្ត នូវចំណុចសំខាន់ៗមួយចំនួន ក្នុងការផ្តល់ឱកាសឱ្យពាណិជ្ជករ សហគ្រិន អាជីវករ ចូលរួមបង្ហាញនូវម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ ផលិតផលសិប្បកម្ម ក្នុងការបង្ហាញផលិតផលវប្បធម៌ក្នុងតំបន់ និងជំរុញបន្ថែមកំណើននៃភ្ញៀវទេសចរ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

សូមបញ្ជាក់ផងដែរ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ មាន៦ទីតាំងកម្សាន្ត៤៤កម្មវិធី ដោយមានធ្វើការបង្ហាញពីផលិតផលរបស់ខ្មែរ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា។ ពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ៕
















Comments

Popular posts from this blog

កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម