ក្រោយទទួលបានផ្ទះថ្មី តម្លៃ២ម៉ឺនដុល្លារ ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន, សឿ សុធារ៉ា អះអាងថា នឹងចូលប្រឡូកក្នុងវិស័យសិល្បៈឡើងវិញ

 (ភ្នំពេញ)៖ ដោយក្ដីអាណិតអាសូរដល់តារាសម្ដែង សឿ សុធារ៉ា និងកូនៗ របស់នាងទាំងពីរ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី បានសម្រេចចិត្តទិញផ្ទះមួយខ្នងស្ថិតនៅក្នុងបុរី ម៉ន ដានី ប្រគល់ឲ្យតារាសម្ដែង សឿ សុធារ៉ា បន្ទាប់ពីបានមើលឃើញពីស្ថានភាពសុខភាព និងជីវភាពរបស់នាងបច្ចុប្បន្ន កំពុងប្រឈមនឹងបញ្ហាដុនដាបគ្មានអ្វីជាទីពឹង និងដើម្បីមានទ្រនំកក់ក្ដៅមួយអាចរស់នៅជួបជុំកូនៗទាំងពីររបស់នាង បានបន្តទៀត។ យ៉ាងណាមិញ បន្ទាប់ពីទទួលបាននូវទ្រនំថ្មី ពីលោករដ្ឋមន្រ្តីក្រសួងព័ត៌មានរួចមក តារាសម្ដែង សឿ សុធារ៉ា បានអះអាងថា រូបនាង និងកូនស្រីនឹងចូលប្រឡូកក្នុងការងារសិល្បៈឲ្យពេញទំហឹងឡើងវិញ ដើម្បីបម្រើដល់អារម្មណ៍របស់មហាជន ដែលតែងតែគាំទ្រដល់ការសម្ដែងរបស់នាង។


អតីតតារាសម្ដែង សឿ សុធារ៉ា បានថ្លែងតាមរយៈបណ្ដាញសង្គមផ្លូវការរបស់នាងថា «នាងខ្ញុំ សឿ សុធារ៉ា ព្រមទាំងកូនៗ សូមលើកដៃសំពះដឹងគុណដល់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារិទ្ធ និងលោកជំទាវ ​«លោកពុក លោកម៉ែ» ដែលបានផ្តល់ជំរកឲ្យនាងខ្ញុំ និងកូនៗឲ្យបានរស់រានមានជីវិតសារជាថ្មីឡើងវិញ ដែលមានតំលៃ ២០០០០ដុល្លារ ដើម្បីជាការនឹករលឹកដឹងគុណដល់លោកទាំងពីរ នាងខ្ញុំ​ និងកូនៗ និងខិតខំបំរើដល់សិល្បៈជាថ្មីឡើងវិញទាំងម្តាយ ទាំងកូន ឲ្យអស់ពីកម្លាំងកាយចិត្ត ហើយក៏ដើម្បីបំរើដល់អារម្មណ៍បងប្អូនទាំងអស់គ្នា ក្នុងវិស័យសិល្បៈនេះឲ្យជាប់លាប់ មិនឲ្យលោកទាំងពីរខកបំណងឡើយ»។

តារាសម្ដែង សឿ សុធារ៉ា បានថ្លែងបន្តថា «កូន និងចៅៗ សូមជូនពរលោកទាំងពីរឲ្យមានសុខភាពរឹងមាំ មានសុភមង្គល ដើម្បីគង់ជាម្លប់នៃសិល្បៈគ្រប់វិស័យទាំងអស់..!
សាធុសាធុសាធុ..!»។

មុននឹងទទួលបានការសណ្ដោសប្រោសប្រណី ទិញផ្ទះមួយខ្នងជូនតារាសម្ដែង សឿ សុធារ៉ា ពីលោករដ្ឋមន្រ្តីនៅពេលនេះ កាលពីពេលថ្មីៗកន្លងទៅ ដោយមើលឃើញពីទុក្ខលំបាក និងស្ថានភាពជំងឺផ្នែកស្មារតី របស់អតីតតារាសម្ដែងធ្លាប់មានឈ្មោះល្បី សឿ សុធារ៉ា កាន់តែធ្ងន់ធ្ងរទៅៗ បន្ទាប់ពីម្ដាយរបស់នាង បានបាត់បង់ជីវិតកាលពីពេលថ្មីៗនេះរួចមក អ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះលោក កៅ សីហា បានសម្រេចចិត្តនាំអតីតតារាសម្ដែង សឿ សុធារ៉ា ទៅកាន់មន្ទីរពេទ្យផ្នែកចិត្តសាស្ត្រ ដើម្បីធ្វើការប្រឹក្សា និងពិនិត្យព្យាបាល ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ក្នុងគោលបំណងឲ្យ សឿ សុធារ៉ា បានធូរស្បើយឡើងវិញ និងអាចបន្តការងារសិល្បៈបានជាធម្មតាដូចមុន។

លោក កៅ សីហា ដែលមហាជនបានសង្កេតឃើញថា ជារឿយៗលោកតែងតែជួយជ្រោមជ្រែងដល់តារាសម្ដែង សឿ សុធារ៉ា ដោយមិនគិតពីការនឿយហត់ និងការរិះថា ជួយដើម្បីយកមុខយកមាត់នោះឡើយ។ ជាពិសេសថ្មីៗនេះ លោកបានផ្ដល់ឱកាសដល់កូនស្រីរបស់តារាសម្ដែង សឿ សុធារ៉ា បានសម្ដែងក្នុងរឿងបុរាណមួយ របស់ផលិតកម្មហង្សមាស បន្ទាប់ពីបានមើលឃើញពីទេពកោសល្យ និងឈាមជ័រជាអ្នកសិល្បៈរបស់កុមារី សាពូន ដារ៉ាភិមាន មានស្រាប់តាំងពីកំណើត៕

















Comments

Popular posts from this blog

កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម