គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបទ្វេភាគីរវាង គ.ជ.ប ជាមួយប្រតិភូគណបក្សខ្មែររួបរួមជាតិ

 (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបទ្វេរភាគីរវាង គ.ជ.ប និងប្រតិភូគណបក្សខ្មែររួបរួមជាតិ។ 


ជំនួបពិភាក្សានេះភាគី គ.ជ.ប ដឹកនាំដោយលោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ និងលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប រួមជាមួយថ្នាក់ដឹកនាំក្នុងអគ្គលេខាធិការដ្ឋាន គ.ជ.ប ចំនួន៦រូប ចំណែកភាគីខាងគណបក្សខ្មែររួបរួមជាតិ ដឹកនាំដោយលោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស ដើម្បីពិភាក្សា ពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ លោក ហង្ស ពុទ្ធា បានស្វាគមន៍ចំពោះវត្តមានរបស់ប្រតិភូគណបក្សខ្មែររួបរួមជាតិ និងរីករាយទទួលយកអនុសាសន៍ដែលគណបក្សនឹងលើកឡើងត្រង់ទៅត្រង់មកក្នុងជំនួបនោះ។

ភាគីគណបក្សខ្មែររួបរួមជាតិ បានលើកសំណូមពរចំនួន ៣ចំណុច រួមមាន៖

ទី១៖ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមានបំណងចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មិនត្រូវអនុញ្ញាតឱ្យស្លៀកពាក់ឯកសណ្ឋាន ឬសញ្ញាសម្គាល់របស់ស្ថាប័នឡើយ គឺត្រូវពាក់តែប័ណ្ណដែលចេញដោយ គ.ជ.ប។

ទី២៖ សូមឱ្យបិទផ្សាយកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) ជាសាធារណៈនៅត្រង់ច្រកចូលទីតាំងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ និងចែកជូនភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាន នៅក្នុងការិយាល័យរាប់សន្លឹកឆ្នោត។ គណបក្សទាមទារយ៉ាងទទូច សូមឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើការកែសម្រួលរាល់ប្រការពាក់ព័ន្ធនឹងទម្រង់បែបបទ ១១០២។

និងទី៣៖ លិខិតបញ្ជាក់បេក្ខជនពិតជាបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់៖ សូមលុបប្រការ៤.៥ ចំណុច ៤.៥.២.២ ពីព្រោះបញ្ជីឈ្មោះបោះឆ្នោត គឺផ្ដល់សុពលភាពដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រួចស្រេចទៅហើយ។

គណបក្សខ្មែររួបរួមជាតិ បានធ្វើការពន្យល់ហេតុផលម្ដងមួយចំណុចៗ។

ក្រុមការងារ គ.ជ.ប ក៏បានពន្យល់ហេតុផលតាមផ្លូវច្បាប់នូវចំណុចនីមួយៗដែលភាគីគណបក្សបានលើកឡើង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារបានកត់ត្រារាល់ចំណុចដែលគណបក្សបានលើកឡើង ដើម្បីទុកជូនសមាជិក គ.ជ.ប ទាំង៩រូប ពិនិត្យ និងសម្រេច។

ភាគីគណបក្សបានជម្រាបបន្តថា អ្វីដែលគណបក្សលើកឡើង គឺជាចំណុចដែលមានស្នើឡើងជាលាយលក្ខណ៍អក្សរ ហើយបញ្ហាដែលនៅសេសសល់ អាចនឹងត្រូវគណបក្សលើកឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ដែលជាកិច្ចប្រជុំរួមរវាង គ.ជ.ប ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕



























Comments

Popular posts from this blog

កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម